រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រា អំពាវនាវដល់បងប្អូនប្រជានេសាទ បើនេសាទបានត្រីកម្រៗដូចជាត្រីត្រសក់ ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្សជាដើម សូមជួយលែងវាចូលក្នុងដងទន្លេមេគង្គវិញ ដើម្បីចូលរួមអភិរក្សការពារត្រីកម្រៗរបស់យើង
ឯកឧត្ដម នេត្រ ភក្រា សូមអំពាវនាវដល់បងប្អូនប្រជានេសាទ ប្រសិនបើនេសាទបានត្រីកម្រៗដូចជាត្រីត្រសក់ ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្សជាដើម សូមជួយលែងវាចូលក្នុងដងទន្លេមេគង្គវិញ ដើម្បីចូលរួមអភិរក្សការពារត្រីកម្រៗរបស់យើង។ នេះជាការអំពាវរបស់ឯកឧត្ដម នេត្រ ភក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
នៅលើទំព័រហ្វេសប៊ុក ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្រា បានលើកឡើងថា នេះជាកូនត្រីត្រសក់ដែលឯកឧត្ដមបានប្រទះឃើញដាក់លក់នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ តាមដងទន្លេមេគង្គ។
ជាមួយនោះ ឯកឧត្ដម នេត្រ ភក្រា បានគូសបញ្ជាក់ថា ត្រីត្រសក់ គឺជាប្រភេទត្រីធំក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងដងទន្លេមេគង្គ។ ត្រីប្រភេទនេះ វាអាចធំលួតលាស់រហូតដល់ទម្ងន់ជាង៩០គីឡូក្រាម និងមានដងខ្លួនប្រវែង ១,៥ ម៉ែត្រ (៥ហ្វីត)៕