ម្ដាយជាប់រវល់ដាំស្ល តែមួយភ្លែតសោះ ស្រាប់កូនស្រីអាយុ១ខួប បានដើរទៅចាប់កាន់អំពូលភ្លើងជំនាងផ្ទះលេង បណ្ដាលឱ្យឆក់ដួលដេកស្លាប់ភ្លាមៗ

ពុទ្ធោអើយ ម្ដាយជាប់រវល់ដាំស្ល មិនបានមើលកូន តែមួយភ្លែតសោះ ស្រាប់កូនស្រីអាយុ១ខួប បានដើរទៅចាប់កាន់អំពូលភ្លើងជំនាងផ្ទះលេង បណ្ដាលឱ្យរបូតជ័រការពារគល់អំពូល ធ្វើឱ្យគល់អំពូលនៅទទេ បណ្ដាលឱ្យឆក់ដួលដេកស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងផ្ទះខាងលើ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

កុមារតូចរងគ្រោះជាកូនទី២ក្នុងចំណោមបងប្អូន២នាក់ឈ្មោះ ម៉ម ស្រីពេជ្រ អាយុ១ខួប៩ខែដែលមានឪពុកឈ្មោះ ម៉ម រស្មី អាយុ៥០ឆ្នាំ ជាមន្ត្រីរាជការ ចំណែកម្ដាយឈ្មោះ ថូ ឃន អាយុ៤០ឆ្នាំ។

បើតាមប្រភពពីម្ដាយកុមារតូចខាងលើ បានប្រាប់ឱ្យនគរបាលដឹងថា នៅមុនពេលកើតហេតុ គាត់នៅផ្ទះតែ២នាក់កូនស្រីរូបនេះប៉ុណ្ណោះ ដោយបុរសជាប្ដីរបស់គាត់បានចេញទៅធ្វើការងារបាត់ ។ ចំណែកឯកូនច្បងរបស់គាត់ម្នាក់ទៀតបានទៅរៀន។ លុះជិតដល់វេលាម៉ោងបាយថ្ងៃត្រង់ គាត់បានរៀបចំដាំស្លនៅចង្ក្រានបាយ ហើយខណៈនោះភ្លេចខ្លួនមិនបានមើលមួយភ្លែត ក៏ស្រាប់តែឮកូនស្រីស្រែកយំខ្លាំងៗ ។ ភ្លាមនោះគាត់ក៏ប្រញាប់រត់ទៅមើល ឃើញកូនស្រីកាន់អំពូលភ្លើងនោះ គាត់បានដឹងថាកូនស្រីត្រូវចរន្តអគ្គិសនីឆក់ ក៏ដកឌុយភ្លើងចេញភ្លាមៗដែរ។

ស្ត្រីជាម្ដាយបន្តទៀតថា កូនស្រីបានដួលដេកនៅក្បែរជំនាងផ្ទះ ហើយគាត់បានស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើល បន្ទាប់មកបាននាំយកកូនស្រីទៅរកគ្រូពេទ្យនៅក្នុងភូមិឱ្យជួយសង្រ្គោះដែរ ប៉ុន្តែពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា កូនស្រីគាត់បានស្លាប់បាត់ទៅហើយ ទើបគាត់នាំយកសពកូនស្រីវិលទៅផ្ទះវិញ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍កន្ទោក ខណ្ឌកំបូលឱ្យចុះទៅពិនិត្យតែម្ដង។

ក្រោយទទួលបានដំណឹងខាងលើនេះភ្លាម នគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់កន្លែងកើតហេតុ រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធនីភ្នំពេញឱ្យចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ។

បន្ទាប់ពីការពិនិត្យលទ្ធផលបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះស្លា.ប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន ដោយជ័រគម្របការពារគល់អំពូលបានរបូត ធ្វើឱ្យគល់អំពូលនៅទរ ទេ ទើបពេលនាងកាន់បណ្ដាលឱ្យឆក់ស្លាប់ទៅ៕

អត្ថបទដែលជាប់ទាក់ទង