លោក ចេង ឌីណា ព្រមានចាត់វិធានការតាមច្បាប់ចំពោះអ្នកយកសំរាមមកបោះចោលពាសវាលពាសកាលតាមដងផ្លូវសាធារណនិងទីប្រជុំជននានាក្នុងស្រុកខ្សាច់កណ្ដាល
អភិបាលស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានព្រមានចាត់វិធានការតាមច្បាប់ចំពោះអ្នកយកសំរាមមកបោសចោលពាសវាលពាសកាលតាមដងផ្លូវសាធារណ និងទីប្រជុំជននានា នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
នៅលើទំព័រហ្វេសប៊ុក លោក ចេង ឌីណា បានលើកឡើងថា «អនាម័យល្អ បរិស្ថានស្អាត នាំមកនូវសុខភាពល្អ និងសេចក្តីថ្លៃថ្នូរ»។
លោកអភិបាលស្រុកខ្សាច់កណ្ដាលបានបន្តលើកឡើងថា រដ្ឋបាលស្រុកខ្សាច់កណ្ដាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា សូមកុំយកសំរាមមកបោសចោលពាសវាលពាសកាលតាមដងផ្លូវសាធារណ និងទីប្រជុំជននានា នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល។
ជាមួយនោះ លោក ចេង ឌីណា បានគូសបញ្ជាក់ថា ប្រសិនបេីនៅតែបន្តការបោសចោលសំរាមពាសវាលពាសកាលទៀត ករណីរដ្ឋបាលស្រុកចាប់បាន នឹងមានការអនុវត្តតាមវិធានការរដ្ឋបាលស្រុក និងមានការណែនាំផាកពិន័យ៕