ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ មន្រ្តីនគរបាលយុត្តិធម៌ត្រូវមានចំណេះដឹង ច្បាប់និង នីតិវិធី និងជំនាញឱ្យបានច្បាស់លាស់
ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញចំនួន០៥វគ្គសម្រាប់ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង លោកលោក ស្រីអនុផែន លោកលោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងសិក្ខាកាមសរុប៦០០នាក់។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យសិក្ខាកាមត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្រេបចំណេះដឹងឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការយកចំណេះដឹងទាំងនេះដើម្បីយកទៅអនុវត្តការងារចៀសវាង កុំឱ្យខុសទៅនឹងច្បាប់ ខុសនីតិវិធី ឬខុសក្នុងពេលចុះប្រតិបត្តិការ។
លោកឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា មន្រ្តីនគរបាលយុត្តិធម៌ត្រូវមានចំណេះដឹង ច្បាប់និង នីតិវិធី និងជំនាញ ឱ្យបានច្បាស់លាស់ ក្នុងនោះ ការងាររៀនសូត្រជាការងារសំខាន់សម្រាប់មន្រ្តីនគរបាលអនុវត្តច្បាប់និងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីយកចំណេះជំនាញទាំងនេះបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់និង មិនត្រូវធ្វើជាមន្រ្តីផ្តល់អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនោះឡើយ។
គួរបញ្ជាក់ថា វគ្គបណ្តាលបំប៉នជំនាញទាំង៥គឺ សិក្ខាកាមសិក្ខារៀនសូត្រមេរៀនក្នុងផ្នែកមួយចំនួនលើការងារជំនាញ ព្រហ្មទណ្ឌ, ការងារសណ្តាប់ធ្នាប់ចរាចរណ៍,ការងារអត្តសញ្ញាណកម្ម ,ការងារការពារនិងប្រឆាំងការជួញដូរមនុស្ស,ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន,វិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ, ការងារនគរបាលសហគមន៍,តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល,បទបញ្ជាផ្ទៃក្នុង,វិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ បបជ,លំហាត់របៀប។វគ្គបណ្តុះបណ្តាលនេះផងដែរមានរយៈពេល៣០ថ្ងៃ បង្រៀនដោយគ្រូឧទ្ទេសនាមចំនួន២០នាក់ជាលោកលោកស្រីនាយ នាយរងការិយាល័យជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕