ឃាត់ខ្លួនបានមុខសញ្ញាជំនាញជិះម៉ូតូឆក់ទូរស័ព្ទ ខ្សែក និងកាប់គ្នាយ៉ាងសកម្មពេលរាត្រី នៅក្រុងប៉ោយប៉ែតបានហើយ ខណៈនេះកម្លាំងនគរបាលបានកំពុងបញ្ជូនទៅតុលាការ

ជនសង្ស័យ២នាក់ដែលតែងតែធ្វើសកមម្មភាព លួច ឆក់ និងចូលចិត្តកាប់គ្នាពេលរាត្រី ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ខណៈក្រុមជនសង្ស័យទាំងនេះ ជិះម៉ូតូដឹកគ្នាចេញធ្វើសកម្មភាពឆក់ទូរស័ព្ទនិងខ្សែករពលរដ្ឋតាមដងផ្លូវសាធារណ:។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យនិងបក្ខពួកបានសម្រេច។

ប្រភពបញ្ជាក់ថា ជនសង្ស័យរួមមាន៖ ១-ឈ្មោះ ថោង ហាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកជិះពីក្រោយឆក់ទូរស័ព្ទ)។ និង២-ឈ្មោះសុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ (សុងបាយ) ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(អ្នកបើកម៉ូតូ) និងដកហូតបានវត្ថុតាងព្រមទាំងម៉ូតូចំនួន០១គ្រឿង ម៉ាក់HONDA DREAM សេរីឆ្នាំ២០១៧ គ្មានស្លាកលេខ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 9825705 នៅចំណុចមុខសាលារៀនព្រហ្មនិមិ្មត ស្ថិតក្នុងក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

តាមប្រភពបានឲ្យដឹងដែរថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅចំពោះមុខ សមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទៅពិតជាបានចេញធ្វើសកម្មភាព ជិះម៉ូតូ ទៅឆក់ការបូបលុយ ទូរស័ព្ទ គ្រឿងអល័ង្គការ វត្ថុមានតម្លៃ ពីប្រជាពលរដ្ឋពិតប្រាកដមែន កាលពីថ្ងៃទី២៤,២៥,២៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។ភាគច្រើនគេជិះម៉ូតូឌុបគ្នា ប្រដាប់ដោយកាំបិតខ្វែវ ចេញឆក់នៅម្តុំលើផ្លូវ មុខភោជនីយដ្ឋាននាគទិព្វ ,ផ្លូវKTV Fplus,ផ្លូវដើមពុទ្ទ្រា, ផ្លូវវត្តត្រាច, ផ្លូវជិតហាងនំប៉័ង កៅ កៃ, ផ្លូវផ្សាររ៉ាចាស់ និងលើផ្លូវជាតិលេខ៥។ក្រៅពីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បើមានជនណារារាំងពួកជនសង្ស័យតែងតែប្រើហឹង្សាឬយកកាំបិតដេញកាប់ដោយគ្មានញញើតដៃឡើយ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់គឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន

១-ជនសង្ស័យឈ្មោះ ថោង ហាំង ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់ពន្ធនាគា ចំនួន១ឆ្នាំកន្លះ ទោសសរុប៣ឆ្នាំ ពីករណីឆក់ទូរស័ព្ទ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣២-ជនសង្ស័យឈ្មោះ សុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់មណ្ឌលចំនួន ១ឆ្នាំ ២ខែ ម្តាយយកទៅដាក់ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង