សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះប្រើប្រាស់ត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះប្រើប្រាស់ត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្ដល់ថាមពលឱ្យប្រជាជនសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។
ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។
សម្តេចធិបតីបន្តថា សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន ខណៈដែលអ្នកសារព័ត៌មានជាចលករដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ នៅលើពិភពលោក អ្នកសារព័ត៌មានបានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាត។
សម្តេចបានស្នើអ្នកព័ត៌មានប្រកាន់ក្រមសីលធម៌ ហើយផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ និងបានស្នើឱ្យអ្នកសារព័ត៌មានបើផ្សាយបញ្ហាហើយ ជួយផ្សាយត្រឡប់វិញនូវដំណោះស្រាយផង។
សម្តេចបានថ្លែងឲ្យដឹងថា លទ្ធផលនៃការស្ទង់មតិលើអ្នកសារព័ត៌មានសរុបចំនួន៣៤១នាក់ មានមនុស្សចំនួន៧៩,៨ភាគរយបានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ៧១ភាគរយបានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ និង៨.៨ភាគរយបានឆ្លើយថាសេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត។
សម្ដេចបានបន្តថា មានអំណាច មិនប្រាកដថាមានឥទ្ធិពលនោះទេ។ អ្នកដែលមានឥទ្ធិពល គឺទាមទារឱ្យមានការផ្តល់តម្លៃ។ សម្តេចបន្តទៀតថា សារព័ត៌មានអាចមានឥទ្ធិពលទៅបាន ទាមទារឱ្យមានការផ្តល់តម្លៃ និងគាំទ្រពីប្រជាពលរដ្ឋ ក៏ទាមទារឱ្យមានក្រមសីលធម៌ និងការទទួលខុសត្រូវដែរ។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ដើម្បីឱ្យសារព័ត៌មានមានឥទ្ធិពល ត្រូវមានសុចរិត សុក្រឹតភាព និងការទទួលខុសត្រូវ។ សម្តេចបន្តថា រាជរដ្ឋាភិបាលមិនត្រូវការតែព័ត៌មានវិជ្ជមាននោះទេ ព័ត៌មានអវិជ្ជមាន ក៏រាជរដ្ឋាភិបាលត្រូវការដែរ តែត្រូវមានក្រមសីលធម៌។
សម្តេចបានថ្លែងទៀតថា អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល។ ម្យ៉ាងទៀត អ្នកសារព័ត៌មានកុំផ្សាយរឿងដែលអសីលធម៌។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលរស៊ើបនៅលើពិភពលោក។ ព័ត៌មានក្លែងក្លាយខ្លះអាចបង្កើតទៅជាអសន្តិសុខ។
សម្តេចបានបញ្ជាក់ទៀតថា ពាក្យថាអំណាច គឺធំណាស់ ដូច្នេះអ្នកសារព័ត៌មាន ត្រូវរួមគ្នាដើម្បីប្រយោជន៍ជាតិ៕