ឃាត់ខ្លួនជនសង្ស័យម្នាក់យកដុំថ្មគប់កញ្ចក់រថយន្ត និងហក់ធាក់ម៉ូតូអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ក្រុងច្បារមន

កំពង់ស្ពឺ៖ នៅវេលាម៉ោង១៧៖០០នាទីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ៤៨-៤៩ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលបានទទួលព័ត៌មាន ជាបណ្ដឹងផ្ទាល់តាមរយៈ hotline  ពីជនរងគ្រោះឈ្មោះ អោម សុភក្រ្ត័ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរបើករថយន្ត ប្រចាំរោងចក្រ បានរៀបរាប់ថា ខ្លួនបើករថយន្ត ម៉ាកស្ទាររីច ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ-2A-5226 ចេញពីរោងចក្រទៅទទួលភ្ញៀវនៅភ្នំពេញ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យបានយកដុំថ្មមកគប់កញ្ចក់រថយន្តរបស់ខ្លួន បណ្ដាលឲ្យបែកកញ្ចក់និងទ្វារពីខាងឆ្វេង ភ្លាមនោះខ្លួនក៏បានឈប់រថយន្ត រួចរាយការណ៍មកសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្ដង។

ក្រោយទទួលបានព័ត៍មាន កម្លាំងជំនាញអធិការដ្ឋានក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្ដិ៍ចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង ចាន់ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានវត្ថុតាងដុំថ្មជ្រុងមួយដុំ ក្រោយសមត្ថកិច្ចឃាត់និងការសាកសួរ ទេីបដឹងថាជនសង្ស័យខាងលើ ជាមនុស្សដែលបានធ្វេីសកម្មភាពហក់ធាក់ម៉ូតូអ្នកដំណេីរដែលជិះឆ្លងកាត់ផ្លូវជាតិលេខ៤។

ចំពោះករណីខាងលើ ជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ និងវត្ថុតាង មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង