ក្រុមប៉ូលិសមហាផ្ទៃចាប់បានឃាតករប្រើកូនកាំបិតចាក់សម្លាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅខណ្ឌច្បារអំពៅហើយ

ភ្នំពេញ៖ កាលពីវេលាម៉ោង២១៖២០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ មានករណីឃាតកម្មមួយកើតឡើងនៅត្រង់ចំណុច ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ជីវ័ន្ត ហៅ ពយ ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពស្ទុះយកកាំបិតចាក់សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានទាស់ពាក្យសម្តី និងប្រតាយប្រតប់ ក្នុងវូងផឹងស៊ី ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស មិនចាំផ្លាកលេខគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការ ជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។ លុះនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការរហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅត្រង់ចំណុច ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះប្រាកដមែន ក្រោយពីទាស់ពាក្យសម្តី និងប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ។ បច្ចុប្បន្ននាយកដ្ឋាន កំពុងអនុវត្តបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង