សាលាដំបូងរាជធានីភ្នំពេញបានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៤៧៣២ ទាក់ទិនករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ ជនត្រូវចោទចំនួន០២នាក់ រួមមានឈ្មោះ នី ភារោច ភេទប្រុស និងឈ្មោះ វង់ សំអុន ភេទប្រុស និងជនត្រូវចោទម្នាក់ទៀត រួមទាំងបក្ខពួកកំពុងគេចខ្លួនត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង០២នាក់ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថាសាលាដំបូងរាជធានីភ្នំពេញបានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៣២ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលករណីនេះ បង្កឡើងដោយក្រុមក្មេងទំនើងមានគ្នា ០៦នាក់ បានយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសម្នាក់ ត្រង់សៀតផ្កាខាងឆ្វេង។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា ចំពោះសកម្មភាពរបស់ក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាននិងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕