អភិបាលខេត្តកណ្ដាលណែនាំសមត្ថកិច្ច​និងអាជ្ញាធរមូលដ្ឋាន​ត្រូវចាត់ទុកថា ប្រជាពលរដ្ឋគឺជាអ្នករាយការណ៍ដ៏សំខាន់រាល់ភាពអសន្តិសុខទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន

កណ្ដាល៖ អភិបាលខេត្តកណ្ដាលណែនាំឲ្យខិតខំចលនាប្រជាពលរដ្ឋផ្តល់ការរាយការណ៍មកកម្លាំងសមត្ថកិច្ច​ និងអាជ្ញាធរមូលដ្ឋាន​ ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ ដោយផ្តល់ការសម្របសម្រួល​ ភាពងាយស្រួល​ និងការសម្ងាត់ជូនប្រជាពលរដ្ឋដែលបានរាយការណ៍ ហើយត្រូវចាត់ទុកថា ប្រជាពលរដ្ឋគឺជាអ្នករាយការណ៍ដ៏សំខាន់រាល់ភាពអសន្តិសុខទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការណែនាំរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាក្រុងសំពៅពូនក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផងដែរ។

ឯកឧត្តមអភិបាលខេត្តលើកទឹកចិត្តដល់ សង្កាត់​ ឬប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលទទួលបានបណ្តឹងពីប្រជាពលរដ្ឋច្រេីន​ជាងគេ គឺជាអង្គភាពដែលបានផ្តល់ភាពកក់ក្តៅជូនប្រជា​ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពរដ្ឋបាល​ក្រុង ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីការបង្រ្កាប​ ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មេីសគ្រឿងញៀន​ ល្បែងស៊ីសង​ ក្មេងទំនេីង​ និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់ ជាមួយគ្នានេះត្រូវដឹកនាំមន្រ្តីជំនាញរដ្ឋបាលបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ ក្នុងន័យនេះចៅសង្កាត់​ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់​ ស្មៀនសង្កាត់​ ត្រូវបង្កេីនសកម្មភាពបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋ​ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ​ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង