បន្ទាប់ពីផ្សាយព័ត៌មានមិនពិត បំផ្លើស សារព័ត៌មាន សានព្រហ្ម បានកែតម្រូវខ្លឹមសារដែលបានចុះផ្សាយ
កណ្ដាល៖ បន្ទាប់ការចុះផ្សាយនូវព័ត៌មានមិនពិត បំផ្លើស នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ គេហទំព័រអង្គភាពសារព័ត៌មាន សានព្រហ្ម បានបង្ហោះវីដេអូធ្វើការកែតម្រូវនូវខ្លឹមសារដែលបានចុះផ្សាយថា «ជាប់ឃុំ ដោយសារ ចាបចៀន យុវជនពីនាក់ត្រូវឃាត់ខ្លួន គ្រាន់តែឈ្លោះគ្នារឿងចាបចៀន ហើយគេប្តឹងទារសំណង៥ពាន់ដុល្លារ តើសមហេតុផលដែរទេ? កើតនៅនៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល» ហើយ។ នេះបើតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ប្រភពបន្តថា តាមការបំភ្លឺរបស់អង្គភាពសារព័ត៌មាន សានព្រហ្ម មូលហេតុដែលបានចុះផ្សាយវីដេអូសម្ភាសន៍នាំឲ្យសាធារណជនមានការភាន់ច្រឡំ គឺដោយសារការសំណូមពរពីភាគីពាក់ព័ន្ធឲ្យសារព័ត៌មានខាងលើទៅធ្វើការសម្ភាសន៍ផ្ទាល់ ដោយមិនទាន់ទទួលបានព័ត៌មានច្បាស់ការពីសមត្ថកិច្ចជំនាញនៅឡើយ យកមកចុះផ្សាយមុន។
គួរជម្រាបថា បន្ទាប់គេហទំព័រសារព័ត៌មានសានព្រហ្មបានបង្ហោះវីដេអូឃ្លីបនិងជាប់ដោយខ្លឹមសារថា «យុវជនពីរនាក់ត្រូវឃាត់ខ្លួនគ្រាន់តែឈ្លោះគ្នារឿងចាបចៀន ហើយគេប្តឹងទាសំណង៥ពាន់ដុល្លារ តើសមហេតុផលដែរទេ? កើតហេតុនៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល» ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបដិសេធទាំងស្រុងនិងស្នើឲ្យសារព័ត៌មានសានព្រហ្មកែសម្រួលខ្លឹមសារបានចុះផ្សាយឡើងវិញ បើមិនដូច្នេះទេនឹងចាត់ការតាមនីតិវិធី។
ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកកណ្តាលស្ទឹងបានបញ្ជាឱ្យផ្នែកជំនាញចុះស្រាវជ្រាវករណីខាងលើ លទ្ធផលជាករណីហិង្សាដោយចេតនា បានកើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង២០៖៣០នាទី នៅចំណុច ភូមិ-ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឈុំ ឆៃណា ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ។
ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ លេខ សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន) និង២.ឈ្មោះ សាក់ វ៉ាន់ឌី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ បច្ចុប្បន្នរស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន)។
ប្រភពបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤ នៅវេលាម៉ោង២០:១៥នាទី ជនរងគ្រោះឈ្មោះ ឈុំ ឆៃណា បានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះទៅផ្ទះបងស្រីឈ្មោះ ទេព ម៉ាប់ ដើម្បីទៅយកស្រាបៀរលក់ ដោយឈ្មោះ ឈុំ ឆៃណា រៀបជិះម៉ូតូចេញពីផ្ទះបងស្រីមកផ្ទះខ្លួនវិញពេលនោះបងស្រីឈ្មោះ ទេព ម៉ាប់ ក៏បានផ្ញើចាបបំពងឲ្យយកទៅឲ្យភ្ញៀវម្ដុំផ្ទះយាយញឹបផងហើយឈ្មោះ ឈុំ ឆៃណា ក៏បានយកមកដល់ផ្ទះយាយញឹប រួចក៏បានប្រគល់ឲ្យឈ្មោះ លេខ សុខា កំពុងតែអង្គុយផឹកគ្នាប្រហែល១០នាក់ រួចឈ្មោះ លេខ សុខា បានសួរទៅឈ្មោះឈុំ ឆៃណា ថាចាបហ្នឹងអ្នកណាគេកម្មង់ពេលនោះឈ្មោះ ឈុំ ឆៃណា ឆ្លើយថា មីងញឹប អ្នកកម្មង់ ហើយមីងញឹប ក៏បានឆ្លើយថាគាត់អត់បានកម្មង់ទេហើយឈ្មោះ ឆៃណា ដឹងថាដាក់ច្រឡំកន្លែងក៏ទាមទារយកចាបវិញ។តែចាបត្រូវបានហូបអស់ពីរបីហើយ។ស្រាប់តែឈ្មោះ លេខសុខា ថាអ្ហែងយកមកច្រឡំកន្លែងហើយចង់បង្ករឿងទៀតរួចក៏បានទាក់មាត់គ្នាទៅវិញទៅមកឈ្មោះលេខ សុខា បានរុញច្រានទ្រូងឈ្មោះ ឈុំ ឆៃណា ធ្វើឱ្យដួលហើយបានក្រោកមកប្រត្រាយប្រតប់ត្រូវបាន ឈ្មោះ លេខ សុខា និង ឈ្មោះសាក់ វណ្ណឌី វ៉ៃ ៣ ទៅ ៤ ដៃហើយឈ្មោះ ឈុំ ឆៃណាបានរត់ចេញឡើងជិះម៉ូតូទៅផ្ទះមួយសន្ទុះក្រោយមកឈ្មោះ ឈុំ ឆៃណាទើបដឹងថាបាត់ទូរសព្ទក៏បាននាំបងពីរនាក់ឈ្មោះ អឿន ឈ្មោះវ័យ ឲ្យជូនមករកទូរស័ព្ទពេលមកដល់ដើរចូលទៅ ឈ្មោះ លេខ សុខា បានទាញយកញញួរដើរសំដៅមកហើយស្រែកថាឯងមករករឿងទៀតពេលនោះឈ្មោះអឿនបានចាប់យកញញួរចេញហើយឈ្មោះឌី និង ឈ្មោះ សុខា បានរុញ និងវាយឈ្មោះ ឈុំ ឆៃណា ម្ដងទៀតនៅលើផ្លូវសាធារណៈហើយសមត្ថកិច្ចប៉ុស្តិ៍ដឹកនាំដោយលោក បូ ចំរើន នាយប៉ុស្តិ៍អំពៅព្រៃ បានមកអន្តរាគមន៍ឃាត់ភាគីទាំងសងខាងហើយបំបែកឲ្យទៅផ្ទះរៀងៗខ្លួន។ លុះព្រឹកឡើងឈ្មោះ ឈុំ ឆៃណាមិនសុខចិត្តបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ក្រោយទទួលបានពាក្យបណ្ដឹងក៏បានរាយការណ៍ទៅផ្នែកជំនាញព្រហ្មទណ្ឌហើយបានអញ្ជើញភាគីទាំងសងខាងមកសម្រុះសម្រួលគ្នានៅប៉ុស្តិ៍ដោយភាគីខាងដើមបណ្ដឹងទាមទារជំងឺចិត្តចំនួន ៥,០០០ ដុល្លារទើបមិនត្រូវគ្នាហើយបានរាយការណ៍ទៅផ្នែកជំនាញអញ្ជើញភាគីទាំងសងខាងទៅអធិការដ្ឋានដើម្បីអនុវត្តតាមនីតិវិធី។
ក្រោយពីមកដល់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ផ្នែកជំនាញព្រហ្មទណ្ឌ ដឹកដោយលោកវរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងផ្នែកព្រហ្មទណ្ឌ បានធ្វើការដោះស្រាយសម្របសម្រួល ប៉ុន្តែនៅតែមិនត្រូវរ៉ូវគ្នា បានបញ្ជូនសំណុំរឿង និងជនបង្កទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីបន្តនីតិវិធី។
ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជូនជនសង្ស័យមកដល់ការិយាល័យជំនាញខេត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃខែឆ្នាំដដែល៕