អ.ដ.ក. ចេញកំណត់ហេតុបញ្ចប់វិវាទករណីសំណុំរឿងវិវាទដីធ្លីមួយកន្លែងនៅស្រុកកៀនស្វាយ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងវិវាទដីធ្លីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពី លោកស្រីមេធាវី លី រ៉ានាថ ជាតំណាងឱ្យភាគីវិវាទ បានដាក់ពាក្យស្នើសុំរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មក​ អ.ដ.ក.​ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

ផ្អែកតាមពាក្យស្នើសុំខាងលើ លោក អែម ប៊ុន្នី និងលោក ងន សុខជា មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយអនុលោមតាមខ្លឹមសារនៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើទ្បើងដោយមេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។

ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើទ្បើងក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ផងដែរថា តាមរយៈ​អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា,​ មេធាវី​ ដែលបានសម្រុះសម្រួលផ្សះផ្សាវិវាទដោយជោគជ័យ​ជូនភាគីវិវាទ​ អាចដាក់ពាក្យស្នេីសុំមក​ អ.ដ.ក.​ ដេីម្បីរៀបចំ​ចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​ ដែលតាមច្បាប់​ កំណត់ហេតុ​នេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕

អត្ថបទដែលជាប់ទាក់ទង