ឯកឧត្ដម គួច ចំរើន អះអាងថា «ការចោទប្រកាន់ថា វត្តប៉ាកណាម គឺស្ថិតនៅក្នុងទឹកដីរបស់វៀតណាម គឺជារឿងមិនពិត!»
កណ្ដាល៖ ឯកឧត្ដម គួច ចំរើន បានអះអាងថា «ការចោទប្រកាន់ថា វត្តប៉ាកណាម គឺស្ថិតនៅក្នុងទឹកដីរបស់វៀតណាម គឺជារឿងមិនពិត ពីព្រោះទីតាំងវត្តមានចម្ងាយពីបង្គោលព្រំដែនជាង៨០០ម៉ែត្រ»។
ការអះអាងរបស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលក្នុងឱកាសចុះពិនិត្យបង្គោលព្រំដែន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដមអភិបាលខេត្តបន្តថា «បើតំបន់នេះជាទឹកដីរបស់ភាគីវៀតណាម នោះគឺយើងទាំងអស់គ្នាមិនអាចមកឈរនៅទីនេះបានទេ។
ឯកឧត្ដមបានស្នើដល់ក្រុមអ្នកអត្ថាធិប្បាយដែលលើកយករឿងព្រំដែនប្រឌិតជាព័ត៌មានមិនពិត សូមផ្តល់យុត្តិធម៌ ដល់កងកម្លាំងដែលបានខិតខំការពារបូរណភាពទឹកដីផង។
អភិបាលខេត្តបានបញ្ជាក់ថា ចំពោះទីតាំងបង្គោលព្រំដែន កម្ពុជា-កូសាំងស៊ីន នៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ត្រូវបានរក្សាការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ហើយវត្តប៉ាកណាម មិនស្ថិតនៅក្នុងទឹកដីរបស់វៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននោះទេ។
ឯកឧត្ដមទទូចសុំដល់ប្រជាពលរដ្ឋ និងអ្នកអត្ថាធិប្បាយដែលអះអាងថា ស្រឡាញ់ជាតិ សូមធ្វើការអត្ថាធិប្បាយ ឱ្យបានសមស្រប ច្បាស់លាស់ គឺត្រូវមកមើលឱ្យច្បាស់ផ្ទាល់នឹងភ្នែកពីបង្គោលព្រំដែនដើម្បីផ្តល់យុត្តិធម៌សម្រាប់យើងទាំងអស់គ្នា។
ឯកឧត្ដមបានបន្ថែមថា៖ «នៅរដូវប្រាំងលោកមានគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមយុវជនមកមើលឱ្យបានច្បាស់ពីពីស្ថានភាព និងទិដ្ឋភាពបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ហើយរួមគ្នាបញ្ចេញមតិដើម្បីថែរក្សា ការពារទឹកដីរបស់យើង យើងអត់ចង់ពន្លើសទៅគេ ប៉ុន្តែ យើងមិនត្រូវអនុញ្ញាតឱ្យគេបង្ខួចយើងដែរ»។
ឯកឧត្ដមបានអះអាងទៀតថា យើងមិនអនុញ្ញាតឱ្យអ្នកសម្តែងមតិដោយបំពាន ឬក៏មិនផ្តល់យុត្តិធម៌ ដល់អ្នកដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីនោះទេ។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ឯកឧត្ដមនៅតែបញ្ជាក់ម្តងហើយម្តងទៀត ឯកឧត្ដមពិតជាមានការគោរពកងកម្លាំងយើងទាំងនគរបាល ទាំងកងទ័ព ដែលឈរជើងការពារព្រំដែន ដោយពួកគាត់ខិតខំដើរល្បាត រហូតសឹងផ្លូវមិនមែនជារឿងធម្មតានោះទេ។
បើតាមឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានថ្លែងថា វត្តប៉ាកណាម គឺជាវត្តរបស់ប្រទេសកម្ពុជាយើង ហើយមិនមានវៀតណាមណាកាន់កាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។
ឯកឧត្តម ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យជឿតាមការឃោសនាកុហកបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលនិយាយថា វត្តប៉ាកណាម ត្រូវបានវៀតណាមកាន់កាប់ ដែលជារឿងមិនពិតនោះទេ ពោលគឺតាមការពិតជាក់ស្តែង វត្តប៉ាកណាម មានព្រះសង្ឃខ្មែរគង់នៅ និងមានប្រជាពុទ្ធបរិស័ទខ្មែរយើងអញ្ជើញទៅធ្វើបុណ្យទានយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា វត្តប៉ាកណាម គឺស្ថិតក្នុងទឹកដីខ្មែរ កាន់កាប់ដោយភាគីកម្ពុជាយ៉ាងពេញលេញ ដូច្នេះ សូមក្រុមប្រឆាំងឈប់ធ្វើនយោបាយភូតកុហកតទៅទៀត៕