មន្ត្រីជំនាញជលផលខេត្តកំពង់ចាមបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម
កំពង់ចាម៖ ដេីម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់នៅតាមព្រែក បឹង និងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកជេីងព្រៃ ដូចភ្លៀងរលឹម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
បេីតាមលោក លី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានឲ្យដឹងថា ជាលទ្ធផល ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ ក្រុមការងារបានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចទំនប់តំបន់បាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ឧបករណ៍ដែលបំផ្លាញចោលរួមមាន៖ លូស្បៃមុងចំនួន ១៦មាត់, របាំងស្បៃមុងប្រវែង ១៦៨ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៤៨ដើម និងចាក់លែងកូនត្រីចម្រុះមួយចំនួនផងដែរ។
លោកនាយខណ្ឌស្តីទីជលផលកំពង់ចាម បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទនៅតំបន់ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍ និងបង្ក្រាប អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដេីម្បីរក្សាពូជត្រីបានច្រេីន៕