សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា «កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស»។

សម្ដេចនាយករដ្ឋមន្ត្រីបន្តថា «ចលនានៃការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)»។

សម្ដេចបន្តថា «វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។   បន្ថែមលើនេះ នៅថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ច នឹងធ្វើសន្និសីទកាសែត ដើម្បីបង្ហាញអំពីផែនការលំអិតនៃការប្រើប្រាស់ថវិកាមូលនិធិក្នុងការកសាងផ្លូវក្រវ៉ាត់ព្រំដែន»។ 

សម្ដេចមហាបវរធិបតីបានបញ្ជាក់ទៀតថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេន ថ្វាយ ជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង  ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ»៕

អត្ថបទដែលជាប់ទាក់ទង