បុគ្គលចូលហាងហើយកម្មង់អូកណូកហើយតាំងខ្លួនជានគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថាជាជនស៊ីវិល មិនមែនជាកងកម្លាំងនគរបាលជាតិនោះទេ!
សៀមរាប៖ អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៩និង៤០នាទី សង្កេតឃើញតាមបណ្តាញសង្គមដែលមានឈ្មោះ So Koung បានចុះផ្សាយដែលមានខ្លឹមសារថា៖ «ហាងខ្ញុំលក់តែម្ហូបទេ ហាងខ្ញុំមិនដែលលក់អូកណូកទេចាស សូមទានជ្រាប មុនចូលសូមមើលផ្លាកយីហោផង លោកឯងចូលហាងញាំបាយមិនកម្មង់ម្ហូបញាំទេ បែរជាកម្មង់ អូកណូកទៅវិញ ហើយលោកឯងខំយកឈ្មោះអ្នកធំ និងយកស្ថាប័នប៉ូលីសបាំងមុខទៀត ហើយបានគំរាមខ្ញុំ ជេរ ចង្អុលមុខ ចង់ចូលទៅវ៉ៃខ្ញុំដល់ក្នុង តុរីសឹបទៀត កុំតែបានគ្នាគាត់ចាប់ឃាត់ទេ កុំអីគាត់ប្រើអំពើហិង្សាមកលើខ្ញុំហើយ លោកឯងមើលងាយខ្ញុំជាស្ត្រីភេទពេកហើយ ទង្វើបុគ្គលនេះគឺអសីលធម៌ណាស់ អាងសិទ្ធិ អាងអំណាចពេកហើយដើរអុកឡុកគំរាមគេ សូមបងប្អូនជួយឡាច និងស៊ែឱ្យបានច្រើន ឱ្យស្ថាបន័ និងមេៗគាត់បានឃើញទង្វើបុគ្គលនេះផង» ចំពោះរឿងហេតុដែលបានកើតឡើងខាងលើនេះ គឺនៅក្នុង ភោជនីយដ្ឋានអង្គរឈីនឈូយាន ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកនាំពាក្យបានបញ្ជាក់ទៀតថា បន្ទាប់ពីបានទទួលព័ត៌មានខាងលើក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបធ្វើការស្រាវជ្រាវ និងឈានដល់ការកំណត់បុគ្គលដែលបានអះអាងថា «ខ្លួនជានគរបាលជាតិនោះ គឺជាជនស៊ីវិល មិនមែនជាកងកម្លាំងនគរបាលជាតិនោះទេ»។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់បន្ថែមថា សូមសាធារណជន និងជាពិសេសអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប សូមកុំយល់ច្រឡំចៀសវាងការបកស្រាយផ្សេងដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕