Update: លោកសក្ដិ៥ សយ សុផានី ទាញកាំភ្លើងខ្លីម៉ាក៥៤ បាញ់៤គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ប្ដីប្រពន្ធ២នាក់ មូលហេតុមកពីជនរងគ្រោះផឹកស៊ីស្រវឹងបានជេរនិងងរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ខណៈជនសង្ស័យត្រូវបានឃាត់ខ្លួន!
កណ្ដាល៖ មានហេតុការណ៍បាញ់ប្រហារគ្នាដោយកាំភ្លើងម៉ាក៥៤របស់លោកប៉ូលិសសក្ដិ៥ម្នាក់កាលពីវេលាម៉ោង២០៖៣០នាទីយប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានបាញ់៤គ្រាប់ទៅលើប្ដីប្រពន្ធ២នាក់ដែលរស់ផ្ទះជួលជាប់បន្ទប់គ្នាបណ្ដាលឲ្យរងរបួសធ្ងន់នៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយមានការបាញ់ប្រហារគ្នា គេសង្កេតឃើញមានវត្តមានរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល លោក ហាក់ សុខមករា អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុភ្លាមៗតែម្ដង។
បើតាមប្រភពពីមន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ជនសង្ស័យចំនួន១នាក់ ឈ្មោះ សយ សុផានី ភេទប្រុស កើតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៦៥ មានស្រុកកំណេីតនៅភូមិថ្នល់ចាក់សម្រាម ឃុំចាក់អង្រែ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានទីលំនៅបច្ចុប្បន្នភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនគរបាលជាតិ ឋានន្តរសក្តិវរសេនីយ៍ឯក មានឋានះជាប្រធានសាខាប្រមូលថវិការចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃត្រូវបានកម្លាំងសមត្ថកិច្ចចាប់ធ្វើការឃាត់ខ្លួនបានភ្លាមៗ។
ប្រភពបន្តថា ជនរងគ្រោះចំនួន២នាក់៖ ១.ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ លក់កង់បី(PassApp) ទីលំនៅ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សីលិច ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន៣គ្រាប់)។ និង២.ឈ្មោះ ជា សុភី ភេទស្រី អាយ៥៤ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ ទីលំនៅ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន១គ្រាប់)។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះ ស៊ាង តូម៉ា ត្រូវចំក្រោមឆ្អឹងជំនីខាងស្តាំ , កំភួនដៃខាងធ្វេង , ដៃខាងស្តាំ និងភ្លៅខាងធ្វេង។ និងជនរងគ្រោះឈ្មោះ ជា សុភី ត្រូវចំភ្លៅខាងស្តាំ។
ចំពោះវត្ថុតាងមាន៖ អាវុធខ្លី54 លេខ59000952 ចំនួន១ដើម, បង់មានគ្រាប់ ចំនួន៤គ្រាប់, សំបកសន្ទុះចំនួន៤ និងទូរសព្ទ័Oppo ពណ៌ខ្មៅចំនួន១គ្រឿង។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរនិងបានឲ្យដឹងថា ជនរងគ្រោះជួលបន្ទប់លេខ២ ជាមួយប្តីប្រពន្ធ និងចៅ២នាក់ ឈ្មោះ ម៉ា ស៊ានលៀង អាយុ៧ឆ្នាំ ភេទស្រី និងឈ្មោះ ម៉ា ស៊ានឡី ត្រូវជា អាយុ២ឆ្នាំ ភេទប្រុស ដោយជនរងគ្រោះរស់នៅជាប់បន្ទប់ជាមួយជនសង្ស័យដែលជួលបន្ទប់លេខ៣ ជាប់គ្នា តែងតែមានពាក្យសំដីមិនត្រូវគ្នា មានរឿងបញ្ហាមាត់ឡូឡាលឺៗ ជាញឹកញាប់ នៅជិតបន្ទប់ជនសង្ស័យ។លុះនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី សង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូកង់បី(Pass App) របស់ខ្លួនមក ដល់បន្ទប់មានសភាពស្រវឹងទាំងពីរនាក់ បានដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរ ដោយពាក្យសំដីថា ហែញ់ពូកែថ្លង់ អាញ់ធ្វើអោយថ្លង់ ក៏បិទទ្វារលឺសូរ ហើយក៏ជេទៀត ក៏ជនសង្ស័យស្រែកហៅម្ទាស់ផ្ទះជួលអោយជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ជេ សម្លេងលឺៗ ក៏ធ្វើអោយជនសង្ស័យប៉ះពាក្យសំដី ក៏ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ធ្វើអោយជនសង្ស័យយកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ ធ្វើអោយជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅអោយគេជួយ។បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចុះមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
បើយោងតាមជនសង្ស័យបានរៀបរាប់ថា៖ ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេទៅលើសង្ស័យមិនមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ក៏ខឹងទាញកាំភ្លើងបាញ់មកលើជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំតាមនីតិវិធីនៃច្បាប់៕