បង្ក្រាបបានយូរហើយ PMខេត្តកណ្ដាលទើបទម្លាយព័ត៌មានពីការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឃាតកម្មនៅក្រុងអរិយក្សត្រ ដកហូតថ្នាំញៀនបានប្រមាណ៣គីឡូក្រាម
(កណ្តាល)៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីឃាតកម្មនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្កកណ្តាល កាលពីថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បង្កដោយជនសង្ស័យចំនួន០១ក្រុមបានធ្វើការវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ចំណែកបក្សពួកជនសង្ស័យផ្សេងទៀតបានបើករថយន្តគេចចេញពីកន្លែងបង្ក្រាប ហើយបានយករថយន្ត០១គ្រឿងទៅប្លុងទុកចោលនៅក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ និងបានរត់គេចខ្លួនបាត់តែម្ដង។
ប្រភពបន្តថា កាលពីវេលាម៉ោង១៣៖០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានធ្វើការឆែកឆេរលំនៅដ្ឋានក្រុមជនសង្ស័យនៅខេត្តកំពង់ឆ្នាំង បានរកឃើញខ្សែកាប ដែលបានប្រើសម្រាបធ្វើទារុណកម្មវាយធ្វើបាបជនរងគ្រោះ, ថ្នាំញៀនចំនួន១២កញ្ចប់ ធំ០២កញ្ចប់ មធ្យម១០កញ្ចប់(ទម្ងន់ប្រមាណ ០៣គីឡូក្រាម) ដែលលាក់ទុកក្នុងធុងជ័រ(ធុងស្ពេតត្រូ) កប់ក្នុងដីនៅក្នុងរោងខាងក្រោយផ្ទះជនសង្ស័យ។
ប្រភពបន្តឲ្យដឹងទៀតថា កាលពីវេលម៉ោង១៤៖៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តធ្វើការឆែកឆេរលំនៅដ្ឋានមួយកន្លែងមួយកន្លែងទៀតរបស់ក្រុមជនសង្ស័យ បានជួលសម្រាបទុកថ្នាំញៀន និងធ្វើទារុណកម្មលើជនរងគ្រោះ បានរកឃើញខ្សែកាបដែលធ្វើទារុណកម្ម និងធុងជ័រ(ធុងស្ពេតត្រូ) កប់ក្នុងដីសម្រាបលាក់ថ្នាំញៀន តែមិនឃើញមានថ្នាំញៀនឡើយ ដោយសារជនសង្ស័យបានយកទៅជាមួយបាត់អស់។
ដោយដកហូតបានវត្ថុតាងមាន៖ រថយន្តចំនួន ០៣គ្រឿង, ម៉ូតូ ០៣គ្រឿង, ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់ (ធំ០២កញ្ចប់ មធ្យម១០កញ្ចប់ ទម្ងន់ប្រមាណ ៣គីឡូក្រាម), ទូរសព្ទ ចំនួន ០៥គ្រឿង, ខ្សែកាប ចំនួន ០២ខ្សែ(សម្រាប់ធ្វើទារុណកម្មវាយជនរងគ្រោះ), ធុងជ័រ(ធុងស្ពេតត្រូ)ទុកគ្រឿងញៀន០២, សម្ភារៈប្រើប្រាស់គ្រឿងញៀន និងឯកសារមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួចរាល់ហើយ។
គួរជម្រាបថា បើគិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានន័យថា កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើការបង្ក្រាបបានជាង១០ថ្ងៃមកហើយ ទើបតែទម្លាយព័ត៌មានពីលទ្ធផលជុំវិញការស្រាវជ្រាវនិងការបង្ក្រាបខាងលើនៅថ្ងៃនេះ ដែលមជ្ឍដ្ឋានឆ្ងល់ថា ហេតុអ្វីរាល់ពេលកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះបង្ក្រាបឬចាប់ឃាតខ្លួនបានហើយ មិនប្រញាប់ផ្សព្វផ្សាយឲ្យសាធារណៈបានឃើញភ្លាមៗ ទុកធ្វើអ្វីយូរម៉្លេះ?៕