សំណង់រឹងមាំអត់ច្បាប់១កន្លែងនៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងដំណើរការយ៉ាងស្ងៀមស្ងាត់ប្រកបដោយហានិភ័យ

(ពោធិ៍សាត់)៖ សំណង់រឹង១កន្លែងស្ថិតត្រង់ចំណុចមុខទីស្នាក់ការបរិស្ថានអូរសោមចាស់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់កំពុងដំណើរនការយ៉ាងស្ងៀមស្ងាត់ដែលអាជ្ញាធរមូលដ្ឋានខ្លះប្រាប់ថាមានច្បាប់ទម្លាប់ត្រឹមត្រូវ។ ប៉ុន្តែខ្លះថាមិនមានច្បាប់នោះទេ។ យ៉ាងណា ក៏ដោយការសង់សំណង់បែបនេះ នៅចំណុចទីតាំងខាងលើត្រូវអ្នកជំនាញមើលឃើញថា ប្រកបដោយហានិភ័យខ្ពស់ ដែលអាចនឹងដួលរលំឬធ្លាក់ចូលជ្រោះ។

លោកមេឃុំអូរសោមបានឱ្យដឹងថា សំណង់រឹងសាងសង់លើដីចំណីស្ទឹងនៅត្រង់ចំណុចទីស្នាក់ការបរិស្ថានចាស់នេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការបញ្ជាក់របស់លោកមេឃុំអូរសោម ទំនងជាលោកទទួលបានការស្នើសុំណា មួយបញ្ជាក់លើលិខិតសុំសាងសង់ ឬយ៉ាងណានោះហើយ? ប៉ុន្តែបើនៅលើលិខិតរបស់លោកមេឃុំត្រូវបានសមត្ថកិច្ចជំនាញបដិសេធនោះមានន័យថា សំណង់នៅទីតាំងខាងលើនេះមិនត្រឹមត្រូវតាមច្បាប់ទេ។ មានន័យ ថា លោកមេឃុំមិនមានសិទ្ធិចុះហត្ថលេខាលើភាពស្រប ច្បាប់នៃបញ្ហាសំណង់នេះឡើយ។

លោក ជា ដារី ប្រធានភូមិបាលស្រុកវាលវែងក៏ឆ្លើយប្រាប់អ្នកកាសែតដែរថា សំណង់នៅទីតាំងខាងលើនេះមានច្បាប់អនុញ្ញាតក្នុងការសាងសង់ តែលោកមិនអាចបញ្ចេញឈ្មោះម្ចាស់សំណង់នោះបានទេ។ បញ្ហានេះនាំឲ្យមានចម្ងល់ថាតើមានអាថ៌កំបាំងអ្វីបានជាមន្ត្រីភូមិបាលមិនអាចប្រាប់ឈ្មោះម្ចាស់សំណង់ ដែលកំពុងធ្វើឱ្យមានមន្ទិលអំពីភាពស្របច្បាប់យ៉ាងដូច្នេះទៅវិញ។ ករណីដែលលោកប្រធានភូមិបាលស្រុកមិនប្រាប់ឈ្មោះម្ចាស់សំណង់នាំឲ្យមានការសង្ស័យអំពីភាពស្របច្បាប់នៃសំណង់ដែលកំពុងដំណើរការនេះ។

លោក ធាង ឡេង អភិបាលស្រុកវាលវែង ហាក់មិនប្រាកដប្រជាចំពោះបញ្ហាសំណង់ស្របច្បាប់ឬមិនស្រប ច្បាប់,មានច្បាប់ឬអត់ច្បាប់នោះទេ។ លោកបានប្រាប់មកអ្នកកាសែតថា បើចង់ដឹងច្បាស់ត្រូវសួរទៅខាងប្រធានរដ្ឋបាលស្រុកទើបគេដឹងច្បាស់ជាង។ ចម្លើយរបស់លោកអភិបាលស្រុកបញ្ជាក់ឲ្យឃើញថា លោកមានការងារច្រើនដែលចាំមិនច្បាប់ថា តើលោកបានចុះហត្ថលេខាឬមិនចុះហត្ថលេខា ចំពោះសំណង់នៅទីតាំងខាងលើនោះ។

លោកប្រធានរដ្ឋបាលស្រុកបានបញ្ជាក់ប្រាប់ថា ការ សាងសង់សំណង់រឹងលើចំណីស្ទឹងខាងលើនេះលោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់១លើករួចមកហើយ។ ដូច្នេះវាប្រាកដណាស់ថាសំណង់ដែលកំពុងសាងសង់ខាងលើនោះមិនមានច្បាប់ទម្លាប់ទេ។

សំណង់អាគារដែលកំពុងសាងសង់នេះវាមាន២ទីតាំងផ្សេងគ្នាដែលនៅចម្ងាយប្រហែល២០ ម៉ែត្រពីគ្នាត្រូវប្រភពខ្សឹបថា មានម្ចាស់តែមួយជាអ្នកដែលមានទ្រព្យសម្បត្តិនិងមានអំណាច។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៀតនោះគឺសំណង់នេះត្រូវបានសង់រំលោភចូលលើដីស្ទឹងអូរសោម១ចំណែកយ៉ាងធំនៃអគារ១និងអាគារ១ ទៀត សង់នៅលើមាត់ច្រាំងនៃស្ទឹងអូរសោម។ សំណង់អាគារនេះប្រឈមនឹងហានិភ័យខ្លាំងដែលអាចនឹងបង្កគ្រោះថ្នាក់បាក់រលំជាយថាហេតុនិងជាការរំលោភទៅលើស្ទឹងអូសោមនោះផ្ទាល់តែម្ដង។

គេសង្កេតឃើញថា មជ្ឈដ្ឋានជាច្រើនដែលរួមមានមេឃុំអូរសោម,ក៏ដូចជាអភិបាលស្រុកវាលវែង ហាក់ដូចជាព្យាយាមជួយបិទបាំងសំណង់មិនស្របច្បាប់មួយនេះ។ តើមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្ត ពោធិ៍សាត់អាចនឹងដឹងរឿងនេះខ្លះដែរឬទេ? តើនរណាជាម្ចាស់សំណង់ដែលកំពុងបង្កឲ្យមានក្តីព្រួយបារម្ភ និងហានិភ័យទៅថ្ងៃអនាគតនៅឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់នោះ?៕

អត្ថបទដែលជាប់ទាក់ទង