លោក គួច ចំរើន៖ អ្នកក្លាហានស្រុកស្អាង ខាងបង្ហោះម៉ូតូ យកមកសម្រាកនៅស្នងការមួយរយៈ ដកម៉ូតូទុក៣ខែ
(កណ្ដាល)៖ ករណីយុវជន៣នាក់បង្ហោះម៉ូតូនៅចំណុចផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ និងស្រុកស្អាងធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនក្មេងទំនើងទាំង៣នាក់ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
ពាក់ព័ន្ធក្រុមម៉ូតូហោះនេះ លោក គួច ចំរើន អភិបាលខេត្តកណ្ថាលបានបង្ហោះតាមហ្វេសប៊ុកថា «អ្នកក្លាហាន ស្រុកស្អាង ខាងបង្ហោះម៉ូតូ យកមកសម្រាកនៅស្នងការមួយរយៈ ដកម៉ូតូទុក៣ខែ ចាំមេីលបានអីបង្ហោះទៀត? សូមក្មួយៗ បញ្ឈប់ទៅ អត់សង្ហាទេ អត់ស្ទាវទេគឺអែបខាងហេីយ»។
ទាក់ទិនករណីខាងលើលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបង្ហោះសារលើទំព័រហ្វេសប៊ុកភ្ជាប់ខ្លឹមសារថា «អ្នកក្លាហានហោះលើដងវិថីពីស្អាងមកតាខ្មៅ នៅសល់មួយទៀត មានស្លាបក៏រត់មិនរួចដែរ ក្រុមចៃសង្គម។ លោកបន្តថា អ្នកក្លាហានទាំងពីរបានជួបគ្នាហើយតែជួបគ្នានៅប៉ុស្តិ៍នគរបាល មិនមែនជួបគ្នានៅតាមអធិរាជ្យដងវិថីនោះទេ។ លោកស្នងការបន្ថែមថា អ្នកក្លាហានទាំងបីនាក់ ប្រចាំស្អាង និងតាខ្មៅ»។
បច្ចុប្បន្ន ក្រុមម៉ូតូហោះទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕