Breaking News: មេប៉ូលិសខេត្តកំពង់ធំបានបញ្ជាឲ្យនាំខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍ចុងដូងម្នាក់ និងបានសម្រេចផ្អាកការងារបណ្ដោះអាសន្ន ក្រោយទទួលរងការចោទប្រកាន់ថា «បានប្រើហិង្សាលើពលរដ្ឋ»

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានចាត់តាំងកម្លាំងជំនាញឲ្យធ្វើការស្រាវជ្រាវ និងបាននាំខ្លួនមន្ត្រីនគរបាលរដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ម្នាក់ក្រោយរងការចោទប្រកាន់ថា បានប្រើហិង្សាលើពលរដ្ឋ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ។

នៅក្នុងសេចក្ដីបំភ្លឺលោកឧត្តមសេនីយ៍ស្នងការក៏បានសម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ចុងដូងនៃស្រុកបារាយណ៍រូបនេះផងដែរ។

គួរជម្រាបថា ការសម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ចុងដូងរូបនេះ បន្ទាប់បណ្តាញសង្គម និងសារព័ត៌មានមួយចំនួនកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤បានចុះផ្សាយនូវវីដេអូរឃ្លីប ដោយចោទប្រកាន់ថាលោកបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសាព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ដែលបានជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ចក្នុងការចាត់វិធានការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង