មេប៉ូលិសខេត្តកំពង់ចាមបញ្ជាឲ្យកម្លាំងជំនាញឲ្យតាមចាប់ឃាត់ខ្លួនមុខសញ្ញាប្រើកាំភ្លើងកែច្នៃបាញ់លើរថយន្តរបស់ពលរដ្ឋបាន២នាក់
(កំពង់ចាម)៖ បន្ទាប់ពីមានសេចក្ថីរាយការណ៍ពីប្រជាពលរដ្ឋថា សកម្មភាពជនមិនស្គាល់អត្ដសញ្ញាណបានយកកាំភ្លើងកែច្នៃបាញ់មកលើរថយន្តពលរដ្ឋបណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេងបណ្ដាលឱ្យរងរបួសស្រាល នៅចំណុផ្លូវបេតុងខាងត្បូងវត្តពព្រេង ស្ថិតក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីវេលាម៉ោង២២:៖០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេីបើកការស្រាវជ្រាវស៊ើបអង្កេតរហូតកំណត់បានមុខសញ្ញាចំនួន០២នាក់នៅវេលាម៉ោង១២៖២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដោយបាននាំយកជនសង្ស័យមកសាកសួរបំភ្លឺ ហើយជនសង្ស័យបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពយកកាំភ្លើងកែច្នៃបាញ់គ្រាប់កង់ទៅបាញ់ទៅលើរថយន្ដនៅចំណុចខាងលើ ពិតប្រាកដមែន។
គួរជម្រាបថា កម្លាំងជំនាញខាងលើបានបើកការស្រាវជ្រាវស៊ើបអង្កេតរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅស្រុកចំការលើ ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលេី ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចង់ក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលដំបូងខេត្តកំពង់ចាម៕