ហាងកាហ្វេ «ឃ្រូសំរោង» នៅសង្កាត់តាខ្មៅបានសង់សំណង់រឹងមាំខុសច្បាប់លយចូលដីចំណីមាត់ទន្លេបាសាក់ប្រកបដោយជោគជ័យ

(កណ្ដាល)៖ រូបភាពដែលបានបង្ហាញអំពីសំណង់រឹងមាំជាប់មាត់ទន្លេបាសាក់ស្ថិតនៅក្នុងភូមិសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គឺជាហាងកាហ្វេដ៏ធំមួយដែលបានទាក់ទាញយុវជន-យុវនារីជាច្រើនឲ្យចូលមកទទួលទានកាហ្វេ និងអាហារជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺហាងកាហ្វេនេះ បានសង់សំណង់ថ្មរឹងមាំខុសច្បាប់លយចូលដីចំណីមាត់ទន្លេបាសាក់យ៉ាងធំជ្រងោលៗ ហាក់កំពុងបង្អួតអាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាលខ្លួនអាចធ្វើអត់ច្បាប់បានឬយ៉ាងណា?។

ប្រភពរាយការណ៍ថា ទីតាំងហាងកាហ្វេនេះ ស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលមានឈ្មោះថា «ឃ្រូសំរោង» ដែលបានសាងសង់សំណង់រឹងមាំហើយធ្វើផែបណ្ដែតទឹកមួយទៀតផង។ នៅតាមបណ្ដោយមាត់ទន្លេប្រហែល៥០ ម៉ែត្រ គេបានចាក់បេតុងបង្គោលថ្មយ៉ាងរឹងមាំការពារខ្លាចរលំបាក់ចូលក្នុងទន្លេដោយប្រការណាមួយ។ គេអាចមើលឃើញបានថា វាជាសំណង់ខុសច្បាប់ទាំងស្រុងពីព្រោះបានរំលោភបំពានទៅមួយផ្នែកនៃទន្លេ។

នៅទីនេះមានយុវជន-យុវនារីដែលមកផឹកកាហ្វេអាចមានមួយចំនួនជាក្រុមដែលមានសមាសភាពមិនល្អនៅក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាលទៀតផង។យ៉ាងណាក៏ដោយវាជាចំណែកមួយដែលអាជ្ញាធរមាន សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យនៅទីនោះ។

ទាក់ទិនករណីខាងលើនេះ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅមិនអាចបំភ្លឺបានទេ ដោយលោកបានឆ្លើយយ៉ាងខ្លីតាមទូរស័ព្ទថា «លោកជាប់រវល់មានភ្ញៀវ»។

ជុំវិញករណីសំណង់ខុសច្បាប់ខាងលើនេះដែរ លោក ឃឹម សំភារៈ  អភិបាលក្រុងតាខ្មៅបានឆ្លើយតបថា «លោកមិនច្បាស់ទេ ចាំលោកពិនិត្យមើលឯកសារសិន ការងារច្រើន ចាំមិនអស់ទេ»។

ពាក់ព័ន្ធសំណង់ហាងកាហ្វេ «ឃ្រូសំរោង» បណ្ដាញសារព័ត៌មាន The Mirror News នៅមិនទាន់បានការបំភ្លឺពីលោក ឌឹម បូរ៉ា អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលនៅឡើយ ព្រោះទូរស័ព្ទលោកខលចូលតែពុំមានមនុស្សលើកនោះទេ។

គួរជម្រាបជូនថា សំណង់នៅទីនោះ ត្រូវបានគេកត់សម្គាល់ឃើញថា មានច្រើនប្រភេទដែលជាអាគារដ៏រឹងមាំ។ គេមិនដឹងថា តើអាជ្ញាធរក្រុងតាខ្មៅនិងសមត្ថកិច្ចជំនាញបានដឹងអំពីបញ្ហាសំណង់ខុសបទដ្ឋានបច្ចេកទេសសង់រំលោភចូលនៃទន្លេបាសាក់នេះដែរឬយ៉ាងណានោះទេ? គេរំពឹងថា អាជ្ញាធរក្រុងតាខ្មៅក៏ដូចជាស្ថាប័នជំនាញនឹងចុះត្រួតពិនិត្យមើលអំពីភាពស្របច្បាប់នៃសំណង់មួយនេះផង៕

អត្ថបទដែលជាប់ទាក់ទង