ដឹងការពិតហើយ, តាមពិតមន្ត្រីនគរបាលម្នាក់នៅស្រុកបារាយណ៍មិនបានប្រើអំពើហិង្សាលើពលរដ្ឋដូចការចុះផ្សាយនោះទេ គឺគាត់មានតែស្រែកជួយឃាត់ កុំឱ្យកើតហិង្សារវាងជនបង្ក និងជនរងគ្រោះ

(កំពង់ធំ)៖ ក្រោយមានការចុះផ្សាយពាក់ព័ន្ធមន្ត្រីនគរបាលម្នាក់នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ថា បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋកន្លងទៅថ្មីៗនោះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចេញបំភ្លឺឡើងវិញ បន្ទាប់ពីចេញសេចក្ដីបំភ្លឺព័ត៌មានម្ដងរួចមកហើយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ថា តាមការស៉ើបអង្កេតរបស់ក្រុមការងារជំនាញប្រកបដោយការយកចិត្តទុកដាក់ មន្ត្រីនគរបាលម្នាក់នោះមិនបានប្រព្រឹត្តហិង្សាលើពលរដ្ឋដូចការចុះផ្សាយឡើយ គឺគាត់មានតែស្រែកឃាត់កុំឱ្យកើតហិង្សារវាងជនបង្ក និងជនរងគ្រោះទៅវិញទេ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានទទួលសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០០៖១០នាទី មានករណីហិង្សាដោយចេតនាមួយលើក កើតឡើងនៅចំណុចយីហោសំណាងធារ៉ា ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឱ្យរបួសប្រជាពលរដ្ឋម្នាក់ឈ្មោះ ហុន ជាតិ ហៅចិត្ត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការសង្ស័យជាប់ពាក់ព័ន្ធមន្ត្រីនគរបាលមួយរូបឈ្មោះ ជា ធឿង ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងដូង នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោកស្នងការបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារមួយក្រុមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការងទទួលផែនការងារព្រហ្មទណ្ឌឱ្យចុះធ្វើការស៊ើបអង្កេតករណីខាងលើជាបន្ទាន់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងរកការពិត និងរកយុត្តធម៌ជូនជនរងគ្រោះ។

ក្រោយពីទទួលបានបទបញ្ជា ក្រុមការងារបានចុះស៊ើបអង្កេតប្រកបដោយការយកចិត្តទុកដាក់រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាលទ្ធផលរបស់ក្រុមការងារបានចុះស៊ើបអង្កេតបានឱ្យដឹងថា យោងតាមពាក្យបណ្តឹង និងកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ពេជ្រ វ័ន្ត ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការបំភ្លឺរបស់សាក្សី ព្រមទាំងប្រភពព័ត៌មាន ភស្តុតាង ដែលប្រមូលបាន និងរបាយការណ៍បូកសរុបវាយតម្លៃសន្និដ្ឋានលេខ ២៣៥/២០២៤ របស់ក្រុមការងាររកឃើញថា៖

១-លោក ជា ធឿង ឋានៈជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងដូង នៃអធិការដ្ឋាននគរបាលស្រុក «ពុំមានជាប់ពាក់ព័ន្ធក្នុងការប្រើអំពើហិង្សាលើប្រជាពលរដ្ឋឈ្មោះ ហុន ជាតិ ដូចការចុះផ្សាយឡើយ គឺរូបលោកស្ថិតនៅរង្វង់កន្លែងកើតហេតុដែរ ដោយបានស្រែកឃាត់កុំឱ្យមានកើតហិង្សារវាងឈ្មោះ ឆាយ បញ្ញា និងឈ្មោះ ហុន ជាតិ ទៀតផង ប៉ុន្តែទៅឃាត់ពុំទាន់»។

២-ក្រុមការងារបានស៊ើបអង្កេតរកឃើញវាយតម្លៃសន្និដ្ឋានយ៉ាងច្បាស់ថា ករណីប្រើហិង្សាដោយចេតនាលើជនរងគ្រោះឈ្មោះ ហុន ជាតិ គឺពិតជាបង្កឡើងដោយជនដៃដល់ឈ្មោះ ឆាយ បញ្ញា នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (រត់គេចខ្លួន)។

យោងតាមកំណត់ហេតុខាងលើ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបញ្ជាក់ថា ក្រោយពីពិនិត្យ ស្តាប់របាយការណ៍វាយតម្លៃសន្និដ្ឋានរបស់ក្រុមការងាររួចមក លោកស្នងការ ហេង សុផល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារឱ្យខិតខំស្រាវជ្រាវ និងគោរពរាយការណ៍ជូនលោកព្រះរាជអាជ្ញាដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើយកមកអនុវត្តតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំក៏បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) តិកតុក (Tiktok) មេត្តាជួយផ្តល់ព័ត៌មានជាក់លាក់ដល់សមត្ថកិច្ចនគរបាល ក្នុងការចាត់វិធានការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង