ក្រុមអាវុធហត្ថចុះចាប់កូនកញ្ជ្រែងឆ្នោតយួនខុសច្បាប់ម្នាក់យកទៅដាក់គុក
(កណ្តាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលបានចុះចាប់កូនកញ្ជ្រែងកត់ឆ្នោតវៀតណាមបានម្នាក់យកទៅញាត់ក្នុងពន្ធនាគារខេត្តកណ្ដាលភ្លាមៗ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រភពពីមន្ត្រីជំនាញអាវុធហត្ថខេត្តកណ្ដាលបានបន្តថា ការចុះបង្រ្កាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ គឺលួចកត់ឆ្នោតវៀតណាម កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ តាមការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពបន្តថា ជនសង្ស័យចំនួន០១នាក់ ភេទប្រុស ត្រូវបានកម្លាំងជំនាញយកមកអង្គភាពដើម្បីសាកសួរ និងដោយបានដកហូតវត្ថុតាងរួមមាន៖ ក្រដាសផួយកត់រួចចំនួន០១ដុំ, ក្រដាសផ្ដាន០១ដុំ, ប៊ិចចំនួន០៣ដើម, ទូរសព្ទ ចំនួន០១គ្រឿង, ប្រាក់រៀលមួយចំនួន និង កាបូបស្ពាយ០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ហើយក៏ត្រូវបានលោកចៅក្រមសាលាដំបូងខេត្តកណ្ដាលចេញដីកាសម្រេចឃុំខ្លួនបណ្ថោះអាសន្ននៅពន្ធាគារខេត្តកណ្ដាល៕