រយៈពេលពេញ១ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបង្ក្រាបក្មេងទំនើងបាន ៧០ករណី ឃាត់ខ្លួន៣៣១នាក់ ស្រី៣៦នាក់
(កណ្ដាល)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត បានគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ក្រាបករណីក្មេងទំនើងបានជាបន្តបន្ទាប់ដូចភ្លៀងរលឹមក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្ដាល។
យ៉ាងណាមិញ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលទទួលផែនការងារព្រហ្មទណ្ឌនិងជាអ្នកនាំពាក្យបានឲ្យ The Mirror News ដឹងនៅថ្ងៃទី៣១ ធ្នូនេះថា «នៅក្នុងរយៈពេលពេញ១ឆ្នាំនេះ លទ្ធផលបង្ក្រាបក្មេងទំនើង ប្រចាំឆ្នាំ២០២៤គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤បានលទ្ធផលដូចតទៅ៖ *បង្ក្រាបក្មេងទំនើង៧០ករណី ឃាត់ខ្លួន៣៣១នាក់ ស្រី៣៦នាក់ (អនីតិជន២១០នាក់)។ *កសាងសំណុំរឿងបញ្ជូនទៅតុលាការ៣៨ករណី និងបានឃាត់ខ្លួន១៤៣នាក់។*បទល្មើសមជ្ឈិម៣៧ករណី ឃាត់ខ្លួន១៣៨នាក់។ *បទល្មើសឧក្រិដ្ឋ១ករណី ឃាត់ខ្លួន ៤នាក់!។ *ធ្វើកិច្ចសន្យាអប់រំ៣២ករណី មនុស្សចំនួន១៨៨នាក់»។
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលតែងតែយកចិត្តទុកដាក់ជានិច្ចជាកាលក្នុងការបង្ក្រាបករណីក្មេងទំនើងនៅក្នុងមូលដ្ឋាន។ យ៉ាងណាក៏ដោយកម្លាំងនគរបាលមានចំណុចខ្វះខាតមួយចំនួនផងដែរ។ពីព្រោះពួកគេធ្វើសកម្មភាពដោយឆក់ឱកាស។
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្តេជ្ញាថា នឹងបង្ក្រាបករណីក្មេងទំនើងនេះ មិនឲ្យពួកគេធ្វើសកម្មភាពស្រេចតែនឹងចិត្តនោះទេ ពោលគឺកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ចំណុះស្នងការដ្ឋាននគរបាលខេត្តចាប់ពីប៉ុស្តិ៍,ស្រុកនិងខេត្ត នឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្ថាលសូមអំពាវនាវដល់យុវជន យុវនារី និងសាធារណៈជនទាំងអស់សូមចូលរួមថែរក្សាសណ្ដាប់ធ្នាប់សង្គមយើងឲ្យបានល្អប្រសើរដើម្បីសុខសុវត្ថិភាព និងសន្តិភាពល្អនៅក្នុងសហគមន៍យើង៕