រដ្ឋបាលស្រុកជលគិរីបំភ្លឺពីការកសាង «រង្វង់មូលទំនប់ថ្មតាកុយ» ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅ» ក្រោយពលរដ្ឋសួររឿងលុយប្រមូលបានពីសប្បុរសជននានា

(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានមតិរិះគន់និងបានចោទសួរទៅលើរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំងអំពីគំនិតផ្តួចផ្តើមកសាង «រង្វង់មូលទំនប់ថ្មតាកុយ» ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅលើបាល័ង្គរង្វង់មូល» ដែលបានកៀងគរថវិកាពីសប្បុរសជននានាបានលុយរាប់លានរៀលហើយក៏ស្ងាត់បាត់ដំណឹងសូន្យឈឹង ដោយមិនដឹងថានឹងកសាងនៅពេលណា ហើយបញ្ចប់នៅពេលណា ហើយយកលុយទៅណា ព្រោះសាធារណជនមិនបានឃើញពីសមិទ្ធិផល «រង្វង់មូលទំនប់ថ្មតាកុយ»ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅលើបាល័ង្គរង្វង់មូល»នៅឡើយ។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុកជលគិរីបំភ្លឺថា កន្លងមកនេះ រដ្ឋបាលស្រុកបានផ្តួចផ្តើមកសាងរង្វង់មូលទំនប់ថ្មតាកុយ ដែលមានទីតាំងស្ថិតនៅលើទីតាំងទំនប់តាកុយ ភូមិព្រៃត្រីត្បូង ឃុំព្រៃត្រី ស្រុកផលគិរី ខេត្តកំពង់ឆ្នាំង។ ជាដីទំនប់ដែលបានកសាងរួច ជាផ្លូវផង ជាទំនប់អាងទឹកផងហើយមានជម្រៅជ្រៅកម្ពស់៦ម៉ែត្រ។ ដោយមើលឃើញថាទៅថ្ងៃអនាគត់តំបន់នេះអាចនឹងមានការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍របស់ស្រុកយ៉ាងសំខាន់មួយ ដូចនេះហើយទើបរដ្ឋបាលស្រុកបានផ្តួចផ្តើមកសាងរង្វង់មូលមួយនេះចំព្រំប្រទល់រវាងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងស្រុកបាធាយខេត្តកំពង់ចាម ដែលគ្រោងអនុវត្តរយៈពេល ៣ឆ្នាំទៅតាមជំហាន និងតាមលទ្ឋភាពធនធានរបស់រដ្ឋបាលស្រុកខ្លះ និងបានពីសប្បុរសជនខ្លះ។

រដ្ឋបាលស្រុកជលគិរីបានបញ្ជាក់ថា *ជំហានទី១៖ ការចាក់បំពេញអាចម៍ដីទីតាំងរង្វង់មូល និងផ្លូវភ្លោះ (កម្ពស់៦ម៉ែត្រ បណ្តោ៤០០ម៉ែត្រ ទទឹងចំកណ្តាលរង្វង់មូល៣៥ម៉ែត្រទទឹងសាច់ផ្លូវភ្លោះ១២ម៉ែត្រ បណ្តោយ៣៥០ម៉ែត្រ)។ *ជំហានទី២៖ ការរៀបចំបុកគ្រឹះតួរង្វង់មូល និងរៀបបាល័ង្គតម្កល់រូបសំណាកមេទ័ពម៉ៅ(កម្ពស់៣,៧០ម៉ែត្រ ទទឹងរង្វង់មូល៦, ៣០ម៉ែត្រ)។ *ជំហានទី៣៖ ការរៀបចំសួនច្បារតាមបណ្តោយទ្រូងផ្លូវភ្លោះ និងសួនច្បារលម្អរង្វង់មូលជុំវិញ។*ជំហានទី៤៖ ការរៀបចំពិធីសម្កល់រូបសំណាកលោកមេទ័ពម៉ៅលើបល័ង្គរង្វង់មូល ដោយមានការឧបត្ថម្ភ ផ្ទាល់ពី ព្រះអង្គ ធម្មវន វាសី ចន្ទមុនី ជារូបសំណាកលោហៈមានកម្ពស់ ៣, ៦០ម៉ែត្រ)។ *ជំហានទី៥៖ ការរៀបចំចាក់ក្រវ៉ាត់បេតុងជើងខេផ្លូវការពារបាក់ដីចូលក្នុងមេទឹក។

រដ្ឋបាលស្រុកជលគិរីបានឲ្យដឹងថា មកដល់ពេលនេះ ការកសាងទើបតែចាប់ផ្តើមនៅក្នុងជំហាន១នៅឡើយគឺការចាក់បំពេញអាចម័ដីដោយចំណាយថវិកាដែលបានមកពីការចូលរួមរបស់សប្បុរសជនចំនួន៤១លានរៀល និងនៅជំពាក់ថ្លៃអាចម៍ដីចំនួន៦២លានរៀល។ ដូចនេះបច្ចុប្បន្នត្រូវផ្អាកជាបណ្តោះអាសន្នសិន៕

អត្ថបទដែលជាប់ទាក់ទង