ឈើដឹកតាមម៉ូតូចេញពីដែនអភិរក្សសីមាឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹកគគ្រេងមានអ្នកគ្រប់គ្រងឈ្មោះ ស៊ិន សត្ថា
(មណ្ឌលគិរី)៖ បើទោះបីជាមើលទៅហាក់ដូចជាស្ងៀមស្ងាត់បន្តិចអំពីបញ្ហានៃការនាំឈើទៅប្រទេសវៀតណាម ប៉ុន្តែការពិត មិនដូច្នោះទេ។ ពួកឈ្មួញនៅតែបន្តធ្វើសកម្មភាពដឹកឈើតាមម៉ូតូចេញពីដែនអភិរក្សសីមា ក្រោមការគ្រប់គ្រងរបស់លោកនាយក ស៊ិន សត្ថា ដូចកណ្ដៀរឆ្លងដែនចូលទៅប្រទេសវៀតណាម។ ទង្វើបែបនេះត្រូវបានពួកមន្ត្រីបរិស្ថានអះអាងថា ជារឿងធម្មតា ពីព្រោះអ្នកស្រុកនៅទីនេះ ក្រោយពីរួចដៃពីការងារស្រែចំការមានតែរកស៊ីដឹកឈើយ៉ាងដូច្នេះឯង។
តាមរយៈរូបភាពវីដេអូ បង្ហាញឲ្យឃើញអំពីសកម្មភាពនៃការដឹកឈើតាមរយៈម៉ូតូបន្តកន្ទុយគ្នាច្រើនគ្រឿងឆ្លងដែនទៅប្រទេសវៀតណាមតាមង៉ាំដែលជាច្រករបៀងតូចៗស្ថិតក្នុងស្រុកកែវសីមា។ តាមប្រភពបន្ថែមថា ង៉ាំដែលមានសកម្មភាពដឹកជញ្ជូនឈើសកម្មជាងគេនោះនៅម្ដុំផ្សារកែវសីមាឆ្លងដែនចូលទៅប្រទេសវៀតណាម។ ប្រភពខ្លះថា នៅជិតកែងផ្ទះក្រហមដែលទីនេះតាំងពីដើមរៀងមកក៏ធ្លាប់ជាផ្លូវដឹកឈើទៅប្រទេសវៀតណាមនោះដែរ។
ក្រៅពីសកម្មភាព ដូចដែលបានឃើញការដឹកឈើនៅស្រុកកែវសីមាជិតស្នាក់ការបរិស្ថានក៏មានសកម្មភាពស្រដៀងគ្នានេះ នៅក្បែរច្រកព្រំដែនខេត្តក្រចេះឆ្លងចូលទៅប្រទេសវៀតណាមដែរ។ ប្រភពបានប្រាប់ថា ឈើត្រូវបានដឹកចេញពីដែនអភិរក្សកែវសីមា ដោយកាត់ទឹកដីមួយចំណែកតូច ក្នុងស្រុកស្នួល ខេត្តក្រចេះហើយឆ្លងទៅប្រទេសវៀតណាម។ ពួកឈ្មួញធ្វើសកម្មភាពជារៀង រាល់ថ្ងៃដោយមិនខ្លាចញញើតសមត្ថកិច្ចជំនាញនោះទេ។ រីឯពួកមន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃកែវសីមាយល់ឃើញថា វាជារឿងកំប៉ិកកំប៉ុកគ្រាន់នឹងបានដោះ ស្រាយជីវភាពប្រចាំថ្ងៃ។
សកម្មភាពប្រៀបដូចជាសត្វកណ្ដៀរដឹកជញ្ជូនចំណីនោះគឺជាហានិភ័យខ្ពស់មួយសម្រាប់ធនធានធម្មជាតិព្រៃឈើដែលនៅសេសសល់។ គេសង្កេតឃើញសកម្មភាពនៃការ ដឹកជញ្ជូនឈើចេញពីដែនអភិរក្សកែវសីមាបាននិងកើតមានជាហូរហែនៅនៅរដូវរំហើយ។ ក្រោមការដឹកនាំរបស់លោក ស៊ីន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សកម្មភាពនៃការដឹកជញ្ជូននិងការកាប់បំផ្លាញព្រៃឈើ នៅតែកើតមានជាធម្មតាដោយមិនមានវិធានការបង្ក្រាបនោះទេ។ មន្ត្រីបរិស្ថានអាចនិយាយថា ពួកគេបានបង្ក្រាបដោយទទួលបានលទ្ធផលជោគជ័យជាវិជ្ជមានច្រើនណាស់ដែរ។ក៏ប៉ុន្តែការពិតក្រោមរូបភាពនៃជោគជ័យនោះបញ្ហាបរាជ័យក្រោមការបិទភ្នែកមន្ត្រីជំនាញក៏មានច្រើនដែរ។
លោក ស៊ុន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា មិនអាចសុំការពន្យល់បានទេ ជុំវិញបញ្ហាដដែលៗដែលកំពុងកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់លោក៕