តើប្រជាជនក្នុងមូលដ្ឋានស្រុកលើកដែកនឹងទៅជាយ៉ាងណា បើមេស្រុក អធិការ និងអធិការរងមិនមានភាពស៊ីចង្វាក់គ្នាបែបនេះ?

(កណ្ដាល)៖ ប្រភពខ្សឹបខ្សៀវថា ក្រោមការដឹកនាំរបស់លោក អាំ ធូ បញ្ហាជាច្រើនត្រូវបានប្រភពទម្លាយចេញដោយក្នុងនោះ រាប់ទាំងភាពមិនប្រក្រតី នៃការដឹកនាំ មិនត្រូវគ្នាក្នុងចំណោមមេៗនៅអធិការដ្ឋាននគរបាល ស្រុកលើកដែកនោះផង។ រឿងរ៉ាវនៃការដឹកនាំរបស់លោកអធិការដែលមានភរិយាជាអ្នករកស៊ីចងការប្រាក់ឲ្យឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម និងរឿងលុយកាក់នៅពេលបោះឆ្នោត។

ប្រភពបានឱ្យដឹងថា ទំនាស់នៃការមើលមុខគ្នាស្ទើរមិនចំរវាងលោក អាំ ធូរ អធិការនគរបាលស្រុកនិងលោក ឌឹម សំរិទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌ ដែលធ្វើឲ្យមន្ត្រីនគរបាលក្នុងស្រុកនេះទាំងមូលខ្សឹបខ្សៀវតៗគ្នា។ លោកអធិការរង ឌឹម សំរិទ្ធិ ត្រូវប្រភពអះអាងថា ទំនងជាមានអាងអំណាចនិងឥទ្ធិរបស់ខ្លួនក្នុងនាមជាអធិការងទទួលផែនការងារព្រហ្មទណ្ឌ ទើបមិនសូវញញើតជាមួយនឹងលោកអធិការ ថែមទាំងមានក្បាច់គុនជំនាញជាច្រើនផងដែរ,ក្តាប់សភាពការណ៍ជុំដៃផង ដូច្នេះមិនសូវអើពើនិងបទបញ្ជាឬឆ្លងយោបល់ពីលោកអធិការនោះឡើយ។

បើតាមមន្ត្រីតូចតាចនៅស្រុកលើកដែកបានឱ្យដឹងថា លោកអធិការមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីក្តាប់សភាពការណ៍នោះទេ។ ដោយលោកអធិការទំនងជាប់ រវល់នឹងរឿងស្រីញី។ ដូច្នេះការងារមួយចំនួនត្រូវលោកអធិការរងដ៏មានឥទ្ធិពល និងមានល្បិចកិច្ចកលច្រើន ឌឹម សំរិទ្ធ ក្តោបក្តាប់ស្ទើរតែទាំងអស់។ ក្នុងនោះការងារមួយចំនួន រួមទាំងបញ្ហាផលប្រយោជន៍ផង លោកអធិការរងធ្វើការដោយមិនឆ្លងយោបល់លោកអធិការទៀតផង។

យ៉ាងណាក៏ដោយលោកវរសេនីយ៍ឯក អាំ ធូ អធិការនៃអធិការដ្ឋាននគរបាលស្រុកលើកដែកមិនបានបដិសេធទាំងស្រុងចំពោះព័ត៌មាននេះទេ។ លោកទទួលស្គាល់ថា មានបញ្ហាបន្តិចបន្តួច រវាងមន្ត្រីនៅក្រោមអំណាចបញ្ជារបស់លោក យ៉ាងណាក៏ដោយវាមិនមែនជារឿងធំដុំនោះទេ។ ផ្ទុយទៅវិញវាត្រូវតែមានការសម្របសម្រួល ដើម្បីឲ្យការ ងារប្រព្រឹត្តទៅដោយរលូន។ លោកអធិការនិយាយថា ជួនកាលវាកំប៉ិកកំប៉ុកទេ។ ប៉ុន្តែពេលដែលអ្នកកាសែតសួរអំពីករណីលោកអធិការស៊ីដាច់លុយរឿងដោះលែងគេនោះ លោកអធិការឆ្លើយថា «លោកមិនដឹងទេ»។

ចម្លើយរបស់លោកអធិការ អាំ ធូ នេះគឺហាក់ដូចជាចង់គេចពីការទទួលខុសត្រូវផង និងមិនចង់ពាក់ព័ន្ធជាមួយអំពើពុករលួយផង។ យ៉ាងណាក៏ដោយមន្ត្រីនានាបាននិយាយថា លោកអធិការរងទៅវិញទេដែលជាអ្នកមានអំណាចខ្លាំងហើយប្រើឥទ្ធិពលរំលោភសិទ្ធិទៅលើលោកអធិការ។ ខ្លះទៀតថា លោកអធិការរង ឌឹម សំរិទ្ធិ ទំនងជាអាងអំណាចអ្នកធំទើបមិនសូវត្រូវរូវជាមួយនឹងមន្ត្រីនៅក្រោមរដ្ឋបាលស្រុកលើកដែក។

ករណីលោក អាំ ធូ ឯណេះវិញ ត្រូវគេប្រាប់ថា មានរឿងជាច្រើនដែលក្នុងនោះភរិយារបស់លោកក៏មានជំនួញជួញដូរឆ្លងដែនពីប្រទេសវៀតណាមនិងរកស៊ីចងការលុយឲ្យក្រុមឈ្មួញទៀតផង។ ហើយលោក អាំ ធូ នេះទៀតសោតក៏ត្រូវគេប្រាប់ទៀតថាមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការក៏ព្រោះតែលោករវល់រឿងស្រីញីច្រើនជាងដែលលោកអធិការចាត់ទុកថាជារឿងធម្មតារបស់មនុស្សប្រុស ហើយបើភរិយាមិនរករឿងគឺគ្មានបញ្ហាទេ។

តាមប្រភពបានបង្ហើបឲ្យដឹងថា រវាងលោក អាំ ធូ មិនត្រឹមតែមិនសូវស៊ីចង្វាក់គ្នាជាមួយលោក ឌឹម សំរិទ្ធិ នោះទេ ពោលគឺសូម្បីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកក៏មិនសូវស៊ីចង្វាក់គ្នាដែរ។

ជុំវិញបញ្ហានេះ អ្នកកាសែតមិនអាចសុំការបំភ្លឺពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានទេ ដោយទូរស័ព្ទលោកខលចូលតែគ្មានមនុស្ស។

ទោះបីយ៉ាងណាក៏ដោយ អង្គភាព The Mirror News នៅតែរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ឬតាមរយះលេខទូរស័ព្ទ៖ ០១៧៦៩៩៦៧៧។

មជ្ឍដ្ឋានបានលើកថា បើថ្នាក់ដឹកនាំស្រុកលើកដែក អធិការ អធិការរងជំនាញមិនមានសាមគ្គីភាពគ្នា មិនមានតម្លាភាព និងមិនស៊ីចង្វាក់គ្នាក្នុងការដឹកនាំបែបនេះ តើប្រជាជនក្នុងមូលដ្ឋានស្រុកលើកដែកនឹងរងហានីភ័យបែបណា?៕

អត្ថបទដែលជាប់ទាក់ទង