លោក ចាប ច័ន្ទវិទ្យា បញ្ជាក់ថា រឿងស៊ីចង្វាក់ ឬមិនស៊ីចង្វាក់ អាហ្នឹងរឿងការងារដឹកនាំ

(កណ្ដាល)៖  បន្ទាប់ពីបណ្ដាញសារព័ត៌មាន The Mirror News បានចុះផ្សាយកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះថា «តើប្រជាជនក្នុងមូលដ្ឋានស្រុកលើកដែកនឹងទៅជាយ៉ាងណា បើមេស្រុក អធិការ និងអធិការរងមិនមានភាពស៊ីចង្វាក់គ្នាបែបនេះ?»។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានប្រាប់ឲ្យ អង្គភាព The Mirror News ដឹងតាមតេលេក្រាមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះថា «រឿងស៊ីចង្វាក់ ឬមិនស៊ីចង្វាក់ អាហ្នឹងរឿងការងារដឹកនាំ ហើយខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ក្នុងនាមខ្ញុំជាអភិបាលស្រុក ប្រធានគណៈបញ្ជាការ អាហ្នឹងធ្វើយ៉ាងណា ត្រូវតែអនុវត្ត ព្រោះអីខ្ញុំបានចេញគោលការណ៍គឺឲ្យបង្ក្រាប រឿងករណី៤ប្រភេទដែលខ្ញុំបានលើកឡើងខាងដើមហើយ។

លោកអភិបាលបន្តថា បើក្នុងករណីមន្ត្រីណា ដែលខ្ជិលច្រអូស អាហ្នឹងខ្ញុំគ្រាន់តែថា ពញាក់ស្មារតីឲ្យយកចិត្តទុកដាក់ អត់មានធ្វើការតាមលក្ខណៈស្រមើរស្រម៉ៃទេ ហើយក៏មិនអាចធ្វើការតាមលក្ខណៈប្រចាំដែរ អញ្ចឹងបងមើលក្នុងហ្វេសប៊ុកខ្ញុំ បងឃើញហើយ។

លោក ចាប ច័ន្ទវិទ្យា បានបន្ថែមថា គោលនយោបាយរបស់យើងកំពុងតែក្ដៅពាក់ព័ន្ធយុទ្ធនាការបង្ក្រាបក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ហើយជាមួយបទល្មើសផ្សេងៗថែមទៀត ហើយបើយើងធ្វើអញ្ចឹង ខ្ញុំចាប់ផ្ដើមពង្រឹង យន្តការនេះគឺដាក់កុំឲ្យកងកម្លាំងរបស់យើង ធ្វើការតាមតែការនឹកឃើញ ឬជាទម្លាប់»។

គួរជម្រាបជូនថា «ប្រភពខ្សឹបខ្សៀវថា ក្រោមការដឹកនាំរបស់លោក អាំ ធូ បញ្ហាជាច្រើនត្រូវបានប្រភពទម្លាយចេញដោយក្នុងនោះ រាប់ទាំងភាពមិនប្រក្រតី នៃការដឹកនាំ មិនត្រូវគ្នាក្នុងចំណោមមេៗនៅអធិការដ្ឋាននគរបាល ស្រុកលើកដែកនោះផង។ រឿងរ៉ាវនៃការដឹកនាំរបស់លោកអធិការដែលមានភរិយាជាអ្នករកស៊ីចងការប្រាក់ឲ្យឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម និងរឿងលុយកាក់នៅពេលបោះឆ្នោត។

ប្រភពបានឱ្យដឹងថា ទំនាស់នៃការមើលមុខគ្នាស្ទើរមិនចំរវាងលោក អាំ ធូ អធិការនគរបាលស្រុកនិងលោក ឌឹម សំរិទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌ ដែលធ្វើឲ្យមន្ត្រីនគរបាលក្នុងស្រុកនេះទាំងមូលខ្សឹបខ្សៀវតៗគ្នា។ លោកអធិការរង ឌឹម សំរិទ្ធិ ត្រូវប្រភពអះអាងថា ទំនងជាមានអាងអំណាចនិងឥទ្ធិពលរបស់ខ្លួនក្នុងនាមជាអធិការងទទួលផែនការងារព្រហ្មទណ្ឌ ទើបមិនសូវញញើតជាមួយនឹងលោកអធិការ ថែមទាំងមានក្បាច់គុនជំនាញជាច្រើនផងដែរ,ក្តាប់សភាពការណ៍ជុំដៃផង ដូច្នេះមិនសូវអើពើនិងបទបញ្ជាឬឆ្លងយោបល់ពីលោកអធិការនោះឡើយ។

បើតាមមន្ត្រីតូចតាចនៅស្រុកលើកដែកបានឱ្យដឹងថា លោកអធិការមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីក្តាប់សភាពការណ៍នោះទេ។ ដោយលោកអធិការទំនងជាប់ រវល់នឹងរឿងស្រីញី។ ដូច្នេះការងារមួយចំនួនត្រូវលោកអធិការរងដ៏មានឥទ្ធិពល និងមានល្បិចកិច្ចកលច្រើន ឌឹម សំរិទ្ធ ក្តោបក្តាប់ស្ទើរតែទាំងអស់។ ក្នុងនោះការងារមួយចំនួន រួមទាំងបញ្ហាផលប្រយោជន៍ផង លោកអធិការរងធ្វើការដោយមិនឆ្លងយោបល់លោកអធិការទៀតផង។

យ៉ាងណាក៏ដោយលោកវរសេនីយ៍ឯក អាំ ធូ អធិការនៃអធិការដ្ឋាននគរបាលស្រុកលើកដែកមិនបានបដិសេធទាំងស្រុងចំពោះព័ត៌មាននេះទេ។ លោកទទួលស្គាល់ថា មានបញ្ហាបន្តិចបន្តួច រវាងមន្ត្រីនៅក្រោមអំណាចបញ្ជារបស់លោក យ៉ាងណាក៏ដោយវាមិនមែនជារឿងធំដុំនោះទេ។ ផ្ទុយទៅវិញវាត្រូវតែមានការសម្របសម្រួល ដើម្បីឲ្យការ ងារប្រព្រឹត្តទៅដោយរលូន។ លោកអធិការនិយាយថា ជួនកាលវាកំប៉ិកកំប៉ុកទេ។ ប៉ុន្តែពេលដែលអ្នកកាសែតសួរអំពីករណីលោកអធិការស៊ីដាច់លុយរឿងដោះលែងគេនោះ លោកអធិការឆ្លើយថា «លោកមិនដឹងទេ»។

ចម្លើយរបស់លោកអធិការ អាំ ធូ នេះគឺហាក់ដូចជាចង់គេចពីការទទួលខុសត្រូវផង និងមិនចង់ពាក់ព័ន្ធជាមួយអំពើពុករលួយផង។ យ៉ាងណាក៏ដោយមន្ត្រីនានាបាននិយាយថា លោកអធិការរងទៅវិញទេដែលជាអ្នកមានអំណាចខ្លាំងហើយប្រើឥទ្ធិពលរំលោភសិទ្ធិទៅលើលោកអធិការ។ ខ្លះទៀតថា លោកអធិការរង ឌឹម សំរិទ្ធិ ទំនងជាអាងអំណាចអ្នកធំទើបមិនសូវត្រូវរូវជាមួយនឹងមន្ត្រីនៅក្រោមរដ្ឋបាលស្រុកលើកដែក។ ករណីលោក អាំ ធូ ឯណេះវិញ ត្រូវគេប្រាប់ថា មានរឿងជាច្រើនដែលក្នុងនោះភរិយារបស់លោកក៏មានជំនួញជួញដូរឆ្លងដែនពីប្រទេសវៀតណាមនិងរកស៊ីចងការលុយឲ្យក្រុមឈ្មួញទៀតផង។ ហើយលោក អាំ ធូ នេះទៀតសោតក៏ត្រូវគេប្រាប់ទៀតថាមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការក៏ព្រោះតែលោករវល់រឿងស្រីញីច្រើនជាងដែលលោកអធិការចាត់ទុកថាជារឿងធម្មតារបស់មនុស្សប្រុស ហើយបើភរិយាមិនរករឿងគឺគ្មានបញ្ហាទេ។

តាមប្រភពបានបង្ហើបឲ្យដឹងថា រវាងលោក អាំ ធូ មិនត្រឹមតែមិនសូវស៊ីចង្វាក់គ្នាជាមួយលោក ឌឹម សំរិទ្ធិ នោះទេ ពោលគឺសូម្បីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកក៏មិនសូវស៊ីចង្វាក់គ្នាដែរ។ ជុំវិញបញ្ហានេះ អ្នកកាសែតមិនអាចសុំការបំភ្លឺពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានទេ ដោយទូរស័ព្ទលោកខលចូលតែគ្មានមនុស្ស។ ទោះបីយ៉ាងណាក៏ដោយ អង្គភាព The Mirror News នៅតែរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ឬតាមរយះលេខទូរស័ព្ទ៖ ០១៧៦៩៩៦៧៧។

មជ្ឍដ្ឋានបានលើកថា បើថ្នាក់ដឹកនាំស្រុកលើកដែក អធិការ អធិការរងជំនាញមិនមានសាមគ្គីភាពគ្នា មិនមានតម្លាភាព និងមិនស៊ីចង្វាក់គ្នាក្នុងការដឹកនាំបែបនេះ តើប្រជាជនក្នុងមូលដ្ឋានស្រុកលើកដែកនឹងរងហានីភ័យបែបណា?»៕

អត្ថបទដែលជាប់ទាក់ទង