ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន

(ភ្នំពេញ)៖ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបាននឹងកំពុងអនុវត្តនីតិវិធីស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថបាននឹងកំពុងអនុវត្តនីតិវិធីស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការ សម្របសម្រួលពីតំណាងអយ្យការ។ ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័ត៌មានជាសាធារណៈ មិនអាចបានទេ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀតត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាំខ្លួនទៅសួរនាំ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ហើយបញ្ជូនមកសួរនាំបន្ដនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

មន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្ត, ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនា ធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងទី៣៖អនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅសួរនាំប្រាកដមែន ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែចំពោះនីតិវិធីបន្ដយ៉ាងណានោះ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការសួរនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ។

ក្រោយការឃាត់ខ្លួននៅខេត្តតាកែវ នាយអាវុធហត្ថទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅបន្ដសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។

ប្រភពព័ត៌មានផ្សេងទៀតឲ្យដឹងថា លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាច្រើនឆ្នាំ ប៉ុន្ដែក្រោយមកបានផ្លាស់ឲ្យទៅទទួលផែនប្រតិបត្តិការវិញ។

បើយោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថមួយរូបបានឲ្យអង្គភាព The Mirror News ដឹងនៅថ្ងៃទី០២ មករានេះថា ពិតជាមានករណីសួរនាំមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូបនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាលពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង