លៀសល្អិតៗជិត២០០តោនកំពុងត្រៀមឡើងរថយន្តនាំទៅប្រទេសវៀតណាមនៅយប់ថ្ងៃទី២ ខែមករានេះ

(ពោធិ៍សាត់) នៅព្រលប់ថ្ងៃព្រហស្បតិ៍ទី២ ខែមករា ឆ្នាំ២០២៥ សេចក្តីរាយការណ៍ឲ្យដឹងថា លៀសល្អិតៗកំពុងដឹកជញ្ជូនតាមរយៈកាណូតធំៗសំដៅមកចំណុចមាត់ទឹក(កំពង់ដរ)ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីបន្តលើកឡើងរថយន្តធុនធំ និងដឹកបន្តទៅប្រទេសវៀតណាមតាមច្រកទ្ធាជ្រៃធំ ខេត្តកណ្តាល។ 

ប្រភពបញ្ជាក់ថា លៀសល្អិតៗខុសច្បាប់ធ្វើសកម្មភាពតាមរថយន្តធុនធំចំនួន៤គ្រឿង ហើយថៅកែលៀសត្រូវបានគេស្គាល់ឈ្មោះអ្នកស្រី សន វ៉ាន់នី។ អ្នកស្រី សន វ៉ាន់នី នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការចុះពិនិត្យនិងបង្រ្កាបពិន័យអន្តរកាលជាញឹកញាប់ដែរ ប៉ុន្តែហេតុអ្វីគាត់នៅតែបន្តសកម្មភាពបាន? ទើបបានជាឈ្មួញគ្មានញញើតច្បាប់បន្តិចសោះ។ សប្តាហ៍មុនលៀសខុសច្បាប់របស់ចែ វ៉ាន់នី ត្រូវបានសមត្ថកិច្ចនៅម្ដុំព្រែកព្នៅចាប់ផាកពិន័យអស់ ប្រាក់ជិត១០លានរៀលម្ដងទៀត។ ថៅកែស្រីចែ វ៉ាន់នី រកស៊ីនាំលៀសនេះរងការផាកពិន័យច្រើនលើកមកហើយ។ ប៉ុន្តែមិនដែលទទួលទោសនោះទេ។

កាលសប្តាហ៍មុនឈ្មួញស្រីម្នាក់នេះក៏បានដឹកលៀស២រថយន្តធំៗទៅប្រទេសវៀតណាមបានដោយជោគជ័យដែរ។ នៅឯតំបន់មាត់បឹងទន្លេសាប នៃស្រុកក្រគរនោះមានសមត្ថកិច្ចច្រើនស្ថាប័នមីដេដាស ដើម្បីចាំបង្ក្រាបបទល្មើសនៃការនេសាទលៀសខុសច្បាប ប៉ុន្តែចែ វ៉ាន់នី នៅតែអាចដឹកជញ្ជូនលៀសចេញរាប់រយតោនបានជារៀងរាល់ពេល។

នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់លោក ភុំ វិមល់ ប្រាប់ថា នឹងចាត់កម្លាំងដើម្បីចុះទៅមើលភ្លាម ហើយបន្តថាលោកជាប់រវល់។ ដោយឡែកលោក ប៉ែន ផល្លីការ  រដ្ឋលេខាធិការក្រសួងកសិកម្មទទួលផែនទន្លេសាបមានប្រសាសន៍ថា បានចាត់កម្លាំងទាំង២ច្រក ២ក្រុមរួមទាំងអាជ្ញាធរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង