លោក ស៊ុន សុវណ្ណារិទ្ធិ ស្នើឱ្យអាជ្ញាធរក្រុង ស្រុកបន្តពង្រឹងអនុវត្តគោលនយោបាយភូមិម ឃុំមានសុវត្ថិភាព បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងឱ្យមានប្រសិទ្ធភាពខ្ពស់

(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈអភិបាលខេត្តចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ក្រោមអធិបតីភាព លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត, គោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤, ពិនិត្យ និងអនុម័តក្របខណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ, កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) និងបញ្ហាផ្សេងៗមួយចំនួនទៀត។

លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តបានស្នើឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពមានសមត្ថកិច្ច បន្តចុះពិនិត្យ ពង្រឹង និងព្រីកវិសាលភាពនៃការផ្សព្វផ្សាយសេចក្ដីណែនាំ ក៏ដូចជាវិធានការនានាសំដៅជំរុញឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មចូលរួមគោរពច្បាប់ចរាចរណ៍ទាំងផ្លូវគោក ទាំងផ្លូវទឹក ជាពិសេសអាជីវកម្មទូកដរចម្លង ឬទូកទេសចរណ៍ ដោយត្រូវជំរុញឱ្យពួកធ្វើអាជ្ញាប័ណ្ណទេសចរណ៍ និងអនុវត្តតាមស្ដង់ដារបច្ចេកទេស ដោយមានបំពាក់ពោងសុវត្ថិភាព និងអាវពោងសុវត្ថិភាព និងបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេសផ្សេងៗទៀតស្របតាមគោលការណ៍កំណត់ ធ្វើយ៉ាងណារក្សាសុវត្ថិភាព អាយុជីវិតភ្ញៀវទេសចរណ៍ និងអ្នកដំណើរផងដែរ។

ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានស្នើឱ្យអាជ្ញាធរក្រុង ស្រុក បន្តពង្រឹងអនុវត្តគោលនយោបាយភូមិម ឃុំមានសុវត្ថិភាព ជាពិសេសបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងឱ្យមានប្រសិទ្ធភាពខ្ពស់, ចូលរួមទប់ស្កាត់កាប់ទន្ទ្រានដីរដ្ឋ ដីតំបន់បីដោយអនុវត្តវិធានការតឹងរឹងបំផុត និងដោះស្រាយទំនាស់ដីធ្លី, ពិនិត្យ និងដោះស្រាយបញ្ហាសំណង់អនាធិបតេយ្យតាមដងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង