ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រមានដល់អ្នកដែលយករូបភាពចាស់ឆ្នាំ២០២៣ បង្ហោះថាមានហិង្សាព្រួតគ្នាវាយទៅលើជនរងគ្រោះ១នាក់ ត្រូវលុបចោលជាបន្ទាន់

(ភ្នំពេញ)៖ ការបង្ហោះរូបភាពហិង្សាព្រួតគ្នាវាយទៅលើជនរងគ្រោះ០១នាក់នៅតាមបណ្តាញសង្គម និងតាមបណ្តាគ្រុបតេឡេក្រាម គឺជារូបភាពចាស់កាលពីឆ្នាំ២០២៣ ពេលនោះជនសង្ស័យ៤នាក់ក៏ត្រូវសមត្ថកិច្ចបង្រ្កាបបានដែរ។នេះបើតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពឲ្យដឹងថា ករណីហិង្សាមានជនសង្ស័យ០១ក្រុមបានធ្វើសកម្មភាពព្រួតវាយទៅលើជនរងគ្រោះ០១នាក់ ករណីនេះកើតឡើងក្នុងអំឡុងខែធ្នូឆ្នាំ២០២៣ ជនសង្ស័យ០៤នាក់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩៖៣០នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកដាវចំនួន០៣ដើម និងពូថៅចំនួន០១ដើម ព្រួតគ្នាវាយនិងកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស) ចំនួន០២ ករណីនៅខណ្ឌជ្រោយចង្វារ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស សូមឲ្យអ្នកបង្ហោះរូបភាពហិង្សាខាងលើ ត្រូវលុបចោលជាបន្ទាន់ដើម្បីចៀងវាងកុំឲ្យមហាជនមានការយល់ច្រឡំបើមិនលុបចោលនោះទេសមត្ថកិច្ចជំនាញនិងស្រាវជ្រាវអនុវត្តតាមផ្លូវច្បាប់ជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុលសង្គមដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង