ចាក់ទៀតហើយ! ចាក់លុបទន្លេទៀតហើយ! ទន្លេមេគង្គលើនៅស្រុកត្បូងឃ្មុំ រងគ្រោះព្រោះតែច្បាប់មិនបានការពារឲ្យរឹងមាំ!

(ត្បូងឃ្មុំ)៖ តើច្បាប់ធូរលុងឬការមិនអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ?ទើបបានជាបន្តមានអ្នកប្រព្រឹត្តលួចចាក់ដីលុបទន្លេមេគង្គ។

មាត់ទន្លេមេគង្គនៅចំណុចភូមិទន្លេខាងជើង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រឈមនឹងហានិភ័យដោយការចាក់ដីធ្វើរបងព័ទ្ធជុំវិញយ៉ាងស្អាតបាត ស្របពេលដែលអាជ្ញាធរជំនាញស្រុកត្បូងឃ្មុំ ទើបតែឃើញហើយចុះហាមឃាត់នៅពេលដែលប្រជាពលរដ្ឋនិយាយថា «អង្ករក្លាយជាបាយ» ទៅហើយនោះ តើគួរជះចោលដែរ ឬយ៉ាងដូចម្ដេច? យ៉ាងណាក៏ដោយ អង្ករដែលក្លាយជាបាយ ជាច្រើនឆ្នាំងមកហើយដែលត្រូវជះចោល។

មហាជនធ្វើដំណើរលើស្ពានគីហ្សូណាចេញពីទីរួមខេត្តកំពង់ចាមឆ្លងចូលខេត្តត្បូងឃ្មុំនៅខាងស្តាំដៃប្រាកដជាឃើញការចាក់ដីសាងសង់ធ្វើរបងរំលោភបំពានចូលក្នុងទន្លេមេគង្គលើនេះជាមិនខាន។ ទីនោះ នៅចំណុចភូមិទន្លេបិទជើង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានការចាក់ដីរំលោភលើចំណីទន្លេ និងមានធ្វើរបងថ្មព័ទ្ធជុំវិញយ៉ាងរឹងមាំមិនដឹងថា មានការអនុញ្ញាតច្បាប់ឬយ៉ាងណានោះទេ?។

ប្រភពដកស្រង់របស់លោកមេឃុំទន្លេបិទបញ្ជាក់ថា ការចាក់ដីនេះមានឈ្មោះលោកឧកញ៉ា ប៊ុន ថៃ ជាម្ចាស់។ លោកមេឃុំបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៥ មានមន្ត្រីខាងសុរិយោដីស្រុកត្បូងឃ្មុំសហការជាមួយនឹងលោកមេឃុំទន្លេបិទ,មេភូមិទន្លេ បិទជើង បានចុះមកដល់គោលដៅចាក់ដី របស់ឧកញ៉ា ប៊ុន ថៃ បានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពចាក់ដីរំលោភលើចំណីទន្លេនេះ ហើយនិងមានការវាស់វែងការចាក់ដីនេះរំលោភលើផ្ទៃដីចំណីទន្លេមេគង្គប៉ុន្មានម៉ែត្រទៀតផង។

ប្រជាពលរដ្ឋបាននិយាយថា វិធានការទប់ស្កាត់ចំពោះការចាក់ដីរំលោភលើចំណីទន្លេខាងលើនេះ ហាក់ដូចជាភាពយឺតពេលទៅហើយ មានន័យថា អង្ករក្លាយទៅជាបាយរួចទៅហើយ ទើបក្រុមការងារស្រុកចុះធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានសកម្មភាព។ មហាជនឆ្ងល់ថា បើការចាក់ដីនេះមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហេតុអ្វីបានជាអាជ្ញាធរបណ្ដែតបណ្ដោយឱ្យលោកឧកញ៉ាធ្វើរបងរួចរាល់ហើយទើបហាមឃាត់ជាក្រោយយ៉ាងដូច្នេះ។ ហេតុដូម្ដេច មិនមានវិធានការហាមឃាត់ ឬទប់ស្កាត់ឲ្យបានទាន់ពេលវេលា? ដូច្នេះសកម្មភាពចាក់ដីរំលោភបែបនេះគឺជាកំហុសរបស់អាជ្ញាធរ ឬជំនាញផ្នែកសូរិយោដីដែរឬយ៉ាងណានោះ?។

នេះជាអ្វី ដែលជាមេរៀនដដែលៗ បានកើតឡើងនៅឯស្រុកស្រីសន្ធរកាលពីឆ្នាំទៅ។ អាជ្ញាធរ ស្ថាប័នជំនាញបានត្រឹមណែនាំឲ្យម្ចាស់ការដ្ឋានកាយថ្មត្រឡប់មកវិញតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋឆ្ងល់ថា តើច្បាប់កំណត់ត្រឹមតែឲ្យកាយថ្មត្រឡប់មកវិញទេឬ? បើច្បាប់កំណត់យ៉ាងដូច្នេះនោះនឹងនៅតែមានអ្នកប្រព្រឹត្តល្មើសបំពានច្បាប់ដដែលជាដដែល។ ករណីខាងលើនេះតើអាចរកស,ខ្មៅឲ្យច្បាស់លាស់ឃើញដែរឬទេ? ថាតើឧកញ៉ា ប៊ុន ថៃ នេះពិតជាបានធ្វើខុសច្បាប់មែនដែរឬទេ? បើគាត់ខុសច្បាប់តើត្រឹមតែវាយកំទេចរបងថ្ម ឬក៏ច្បាប់កំណត់ឲ្យមានទោសទណ្ឌដែរឬយ៉ាងណា? និយាយឲ្យខ្លី តើល្មមដល់ពេលអនុវត្តច្បាប់ឲ្យពេញលេញហើយឬនៅ?

ជុំវិញករណីខាងលើនេះ អង្គភាព The Mirror News យើងខ្ញុំរងចាំស្រាយបំភ្លឺពីសាមុីខ្លួនដែលមានឈ្មោះថាជាអ្នកចាក់ដីលុបទន្លេ និងស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា។ ជាងនេះទៅទៀតម្ចាស់ការដ្ឋានក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបំភ្លឺជូនប្រជាពលរដ្ឋអំពីអ្វីដែលបាននឹងកំពុងកើតឡើង នៅតំបន់មាត់ទន្លេក្នុងស្រុកត្បូងឃ្មុំនោះឲ្យបានច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង