ផ្លូវលើខ្នងព្រែកតាជន់ ក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាលរងការរំលោភអស់មួយចំហៀង ខណៈចៅហ្វាយស្រុកស្អាងមិនដែលទៅពិនិត្យមើល
(កណ្ដាល)៖ ប្រជាពលរដ្ឋនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាលមិនបានដឹងថា តើអាជ្ញាធរឃុំ-ស្រុកបានដឹងអំពីមហន្តរាយដែលកំពុងកើតមានលើផ្លូវខ្នងព្រែកតាជន់ ដែរឬយ៉ាងណាទេ បានជាមកដល់ពេលនេះអាជ្ញាធរធ្វើហាក់ដូចជាមិនដឹងមិនឮ ចំពោះបញ្ហានៃការប្រឈមបាត់បង់ខ្នងព្រែក១នេះ។ អ្វីដែលប្រជាពលរដ្ឋប្រាកដប្រជានោះគឺអាជ្ញាធរឃុំខ្ពប ជាពិសេសចៅហ្វាយស្រុកស្អាងស្ងាត់ឈឹងតែម្ដង។
រឿងរ៉ាវស្រដៀងគ្នានេះ កាលពីប៉ុន្មានសប្តាហ៍មុនអង្គភាព The Mirror News ក៏បានផ្សព្វផ្សាយអំពីករណីហានិភ័យនៃការបាត់បង់ព្រែកជាច្រើន តាមដងផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្អាង នៃខេត្តកណ្ដាល។ នោះគឺជាវិញ្ញាសាមួយដែលដាស់តឿនឲ្យអាជ្ញាធរឃុំ-ស្រុក ប្រើស្មារតីភ្ញាក់រលឹកចាត់វិធានការទប់ស្កាត់ការបាត់បង់ព្រែកជាច្រើននៅតាមទន្លេបាសាក់ក្នុងស្រុកស្អាងនេះ។ ក៏ប៉ុន្តែគេសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានដែនដីក្នុងស្រុកស្អាងហាក់ដូចជាត្រជាក់ល្ហឹម មិនឃើញមានវិធានការយ៉ាងណាចំពោះបញ្ហានេះទេ។
ជាក់ស្ដែងព្រែកតាជន់ ស្ថិតនៅភូមិខ្ពប ចំហៀងចំណុចស្ពានព្រែកតាជន់ ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាលកំពុងប្រឈមនឹងការបាត់រូបរាងពីក្នុងផែនទីតាមរយៈការដែលអាជ្ញាធរបណ្ដែតបណ្ដោយឲ្យមានការសង់លំនៅឋានរឹងមាំនៅ ចំណែកផ្លូវលើព្រែកនេះ។ អ្នកភូមិដែលមានលំនៅឋាននៅលើខ្នងព្រែកនេះហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះអ្វីដែលជាដំណើរទៅរកការបាត់ដានប្រវត្តិសាស្ត្រនេះទេ គឺគិតយ៉ាងណាឲ្យតែលំនៅឋានរបស់ខ្លួនបានរឹងមាំធំទូលាយតាមរយៈការរំលោភយកខ្នងផ្លូវនៃព្រែកតាជន់នោះតែប៉ុណ្ណោះ។
បណ្ដាព្រែកមួយចំនួនត្រូវគោករាក់ តាមរយៈការចាក់ដីឬចាក់ខ្សាច់បំពេញដើម្បីសាងសង់លំនៅឋានឬក៏ការបោះសសរចូលក្នុងព្រែកហើយសង់ផ្ទះពីលើ ។ ករណីទាំងអស់នេះសុទ្ធតែអាចមើលឃើញដោយភ្នែកទទេ ក៏ប៉ុន្តែចៅហ្វាយស្រុកស្អាងក្រោមការដឹកនាំ លោក ជឺ គឹមហៃ ត្រជាក់ល្ហឹមមើលមិនឃើញបញ្ហានេះទេ ទំនងជាលោកអភិបាលស្រុកគិតថា ជារឿងកំប៉ិកកំប៉ុក។ ប៉ុន្តែបើគិតយ៉ាងដូច្នោះប្រជាពលរដ្ឋយល់ឃើញថាត្រូវម្យ៉ាងដែរ។ តែម្យ៉ាងទៀតអ្នកភូមិសង្ស័យពីរឿងផលប្រយោជន៍ដែលបានមកពីការបិទភ្នែក ឲ្យមានសំណង់អាណាធិបតេយ្យនៅលើខ្នងព្រែកជាច្រើនកន្លែង ក្នុងភូមិសាស្ត្រស្រុកស្អាងនេះតែម្ដង៕