លោក សុខ ពិសិដ្ឋ៖ ការបិទផ្សាយជាសាធារណៈឯកសារការវិនិច្ឆ័យពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល

(កណ្តាល)៖ លោក សុខ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

ការគូសបញ្ជាក់របស់លោក សុខ ពិសិដ្ឋ អភិ​បាលរងស្រុកពញាឮនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ា១ដែលមានក្បាលដីចំនួន ១,៧៤៨ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។

លោកអភិបាលរងស្រុកបានបញ្ជាក់ពីគោលបំណងដ៏សំខាន់នៃការបិទផ្សាយនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាស បិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានថ្លែងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដី​របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។

លោកអនុប្រធានមន្ទីរបាន​ធ្វើការ​សំណូមពរដល់ប្រជា​ពលរដ្ឋត្រូវប្រញាប់​រួសរាន់ទៅពិនិត្យមើល​ការបិទឯកសា​រ នៃការវិនិច្ឆ័​យដីធ្លីដែ​ល មានរយៈពេល១៥ (គិតចា​ប់ពីថ្ងៃទី៨ ខែមករា រហូតដល់​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥)គឺរា​ប់បញ្ជូលទាំ​ងថ្ងៃឈប់សម្រាក់ ដើ​ម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពា​ក់ព័ន្ធធ្វើការផ្ទៀងផ្ទា​ត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើ​ការតវ៉ាក្នុង​ករណីមានការខុសឆ្គង បើក្នុងករ​ណីផុតរយៈពេ​លកំណត់នៅកា​របិទផ្សាយបងប្អូន​ប្រជាពលរដ្ឋមិនអា​ចជំទាស់​តវ៉ាបានទៀតឡើយ។

គួរបញ្ជាក់ថា សម្រាប់ទូទាំងខេត្តកណ្តាលបានប្រកាសបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋបានចំនួន ២៥៧ លើករួចមកហើយសរុបចំនួន ៤៣៦,០៨៦ ក្បាលដី ហើយនេះ គឺជាលើកទី ២៥៨ ។ ដោយឡែកក្រុមទី៧ បានបិទផ្សាយរួច ចំនួន១៨លើក ដែលមានចំនួនក្បាលដីសរុប ២៥,០៨៩ ក្បាលដី ហើយនេះគឺជាលើកទី ១៩ ដែលយើង ធ្វើការបិទផ្សាយទិន្នន័យចំនួនសរុប ១,៧៤៨ក្បាលដី នៅភូមិត្រពាំងវាស ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង