ចៅហ្វាយខេត្តកណ្ដាលជម្រុញដល់អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន
(កណ្តាល)៖ លោក គួច ចំរើន ជម្រុញដល់អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន សមត្ថកិច្ចត្រូវបង្ក្រាបដល់ទីតាំងល្បែងខុសច្បាប់គ្រប់ប្រភេទដែលកំពុងធ្វើអាជីវកម្ម ជាពិសេសឆ្នោត ហើយត្រូវធ្វើការស្រាវជ្រាវចាត់វិធានការចំពោះអ្នកលេងផងដែរ ពេលចាប់បានអ្នកលេងល្បែងគឺមិនមានវិធានការអប់រំទៀតទេ គឺត្រូវតែចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ធ្វើកិច្ចសន្យា ដោយមិនលើកលែង ទាំងម្ចាស់អាជីវកម្មទាំងអ្នកលេងល្បែងគឺត្រូវមានទោសទាំងអស់គ្នា។
ការជម្រុញរបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ដែលបានប្រព្រឹត្តិទៅអស់រយៈពេល២ថ្ងៃ។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀន លោកចៅហ្វាយខេត្តបានក្រើនរំលឹកដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រោះថ្នាក់ ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបទាំងអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនឲ្យអស់ពីមូលដ្ឋាន ពីព្រោះគ្រឿងញៀនគឺដើមហេតុចម្បងដែលនាំឲ្យមនុស្សកាចសាហាវឃោរឃៅ ឈានទៅប្រព្រឹត្តបទល្មើសបានសព្វបែបយ៉ាង អាចក្លាយជាក្មេងទំនើង ចោរលួចឆក់ប្លន់ និងការប្រព្រឹត្តអំពើហិង្សា ដូច្នេះយើងត្រូវមានវិធានការបន្ថែមទៀតដើម្បីបង្ក្រាប និងទប់ស្កាត់ទៅលើបញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវតែមានការធ្វើតេសទឹកនោមនៅតាមតំបន់ដែលមានការសង្ស័យ។
លោកអភិបាលខេត្តបានស្នើដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ទៅលើបញ្ហាក្មេងទំនើង ពីព្រោះវិធានការ និងបទបញ្ជាដែលបានដាក់ចេញទៅគឺគ្រប់គ្រាន់ក្នុងការបង្ក្រាបបញ្ហានេះបាន មិនឲ្យកើតមានឡើងនៅក្នុងមូលដ្ឋាន ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឲ្យបាននៅទីតាំងដែលសង្ស័យ រួមមានឃ្លាំងជួល ដីជួល ផ្ទះជួល កន្លែងកំសាន្តនានាជាដើម ពីព្រោះកន្លែងទាំងនេះអាចជាកន្លែងជួបជុំរបស់ក្មេងទំនើង និងជនល្មើសច្បាប់ផ្សេងៗ។
គួរជម្រាបថា ក្នុងសិក្ខាសាលានាព្រឹកនេះ ក្រុមទាំង៦ បានឡើងធ្វើបទអន្តរាគមន៍អំពី ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈរួមមាន សេវារដ្ឋបាលទូទៅ និងសេវាតាមតម្រូវការ។ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ លើការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុង ការផ្តល់សេវានានា ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋតាម មូលដ្ឋាននីមួយៗ ដូចជាការផ្ទេរមុខងារវិស័យអប់រំ (បឋមសិក្សា មត្តេយ្យសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ) ការលើកកម្ពស់ ការគ្រប់គ្រង ការដឹកនាំ និងការចាត់ចែងអនុវត្តមុខងារក្នុងវិស័យសុខាភិបាល និងការងារគាំពារសង្គម (វិស័យសុខាភិបាល ដោយការ ប្រើប្រាស់បណ្ណ ប.ស.ស និងបណ្ណសមធម៌)។ ការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច(គោល នយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ)។ ការងារគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លី និងការការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងបទអន្តរាគមន៍ទៅលើ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍសមត្ថ ភាពធនធានមនុស្ស។
គួររំលឹកថា ក្នុងពិធីបិទសិក្ខាសាលានេះ លោក គួច ចំរើន ក៏បានណែនាំបំពេញបន្ថែមលេីប្រធានបទ និងបទអន្តរាគមន៍របស់ក្រុមពិភាក្សាលទាំង៦ ព្រមទាំងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការបង្ក្រាបបទល្មើសគ្រឿងញៀន ដល់អាជ្ញាធពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋាន៕