តើមកពីចៅហ្វាយស្រុកល្វាឯមខ្សោយ ឬមកពីច្បាប់ធូរលុងមិនអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ ទើបថៅកែអេតចាយហ៊ានសង់ឃ្លាំងរំលោភយកដីចំណីព្រែកអស់ជិតពាក់កណ្ដាលស្ពានព្រែកតាលន?
(កណ្ដាល)៖ ព្រែកតាលនកំពុងប្រឈមនឹងមហន្តរាយដោយការរំលោភយកពីសំណាក់ថៅកែអេតចាយដែលបានសង់សំណង់ឃ្លាំងនិងរបងថ្មរឹងមាំកំពស់ប្រមាណជា៥ម៉ែត្របើគេមើលដោយភ្នែកទទេពីចំណុចលើស្ពានព្រែកតាលនទៅ ដោយគ្មានខ្លាចញញើតច្បាប់ឬអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលស្រុកល្វាឯមអ្វីបន្តិចសោះឡើយ បើគិតមកទល់ពេលនេះ ដូចពាក្យចាស់លោកពោលថា អង្ករបានក្លាយទៅជាបាយបាត់ទៅហើយ។
តើកត្តានេះបណ្ដាលមកពីច្បាប់ធូរលុងឬការមិនអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយឬមកពីអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលស្រុកល្វាឯមដែលដឹកនាំដោយលោកចៅហ្វាយស្រុក លីវ វណ្ណថេង មិនយកចិត្តទុកដាក់ការពារដីចំណីព្រែកឲ្យបានគង់វង្ស ឬមកពីថៅកែអេតចាយមានអំណាចខ្លាំងក្លា មានមហិទ្ធិឫទ្ធិ ឬចេះមន្តអាគមអូមអាមសូត្រផ្លុំសណ្ដំឲ្យអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលឃុំបឹងគ្រំនិងស្រុកល្វឯមមើលលែងឃើញពីចំណុចខុសឆ្គង ខុសច្បាប់ នៅក្នងមូលដ្ឋានទៅហើយ?
ប្រភពឲ្យអង្គភាព The Mirror News ដឹងថា ព្រែកតាលន ស្ថិតនៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល គេឃើញផ្ទះអេតចាយចេះតែពង្រីកធំទៅៗជិតដល់ពាក់កណ្ដាលស្ពានទៅហើយ នៅខាងក្រោយឃ្លាំងអេតចាយ គេឃើញមានរបងកំពស់៤ទៅ៥ម៉ែត្រសង់ចូលដីចំណីព្រែកនេះយូរហើយ ពុំដែលឃើញអាជ្ញាធរណា គេចុះមកពីនិត្យឬមានវិធានការទប់ស្កាត់នោះទេ តែបើបណ្ដែតបណ្ដោយអញ្ចឹងយូរៗទៅ អាចបាត់លុបព្រែកនេះបាត់ហើយ។
ជាក់ស្ដែងព្រែកតាលននេះ កំពុងប្រឈមនឹងការរំលោភយកបន្តិចម្ដងៗស្ទើតែជិតដល់ពាក់កណ្ដាលព្រែកទៅហើយ តាមរយៈការដែលអាជ្ញាធរបណ្ដែតបណ្ដោយឲ្យមានការសង់សំណង់ឃ្លាំងអេតចាយ និងរបងរឹងមាំចូលទៅក្នុងព្រែកនេះ ដោយមិនអើពើឬទប់ស្កាត់ឡើយ។
ករណីនេះ គេសុទ្ធតែអាចមើលឃើញដោយភ្នែកទទេ ក៏ប៉ុន្តែចៅហ្វាយស្រុកល្វាឯម ក្រោមការដឹកនាំ លោក លីវ វណ្ណថេង ធ្វើមើលមិនឃើញបញ្ហានេះ ឬមួយលោកចៅហ្វាយស្រុកគិតថា ជារឿងកំប៉ិកកំប៉ុក។ ប៉ុន្តែទោះបីជាយ៉ាងណា គួរជៀសវាងកុំឲ្យមានសំណង់អាណាធិបតេយ្យកើតមានឡើងនៅចំណុចព្រែកតាលននេះដើម្បីទុកជាសម្បត្តិរួម សម្បត្តិសាធារណៈបម្រើឲ្យផលប្រយោជន៍សាធារណៈ។
ករណីលួចសាងសង់សំណង់រំលោភយកដីព្រែកខាងលើនេះ វាមិនមែនជារឿងថ្មីនោះទេ សម្រាប់ទឹកដីខេត្តកណ្ដាលដែលតែងតែកើតមានជាហូរហែចំពោះបុគ្គលមួយដំបរស្វា អាងខ្លួនមានលុយ មានអំណាច មានបក្ខពួកបានឃុបឃិតគ្នាលួចសាងសង់សំណង់បេតុងរឹងមាំរំលោភយកដីមាត់ព្រែក ដែលវាផ្ទុយនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាងទន្លេ។
បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
*ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)
*ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
*ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
*ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
*អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ
*ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
*អាងទឹក៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
*បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក
*ទំនប់អាងទឹក៖ ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ។
ជុំវិញករណីខាងលើនេះ អង្គភាព The Mirror News រងចាំស្រាយបំភ្លឺពីសាមុីខ្លួនដែលមានឈ្មោះថាជាអ្នកសង់សំណង់ឃ្លាំងនិងរបងថ្មរឹងមាំរំលោភយកដីចំណីព្រែកតាលន និងស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា។ ជាងនេះទៅទៀតម្ចាស់សំណង់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបំភ្លឺជូនប្រជាពលរដ្ឋអំពីអ្វីដែលបាននឹងកំពុងកើតឡើង នៅចំណុចព្រែកតាលនក្នុងស្រុកល្វាឯមនោះឲ្យបានច្បាស់លាស់៕