បញ្ហាសំរាមគនៅតាមច្រាំងមាត់ទន្លេក្រុងតាខ្មៅ លោកចៅហ្វាយក្រុងបញ្ជាក់ថា ដោយសារទឹកហូរពាំមកពីលើនិងប្រជាពលរដ្ឋហូបហើយបោះចោល មិនចូលរួមជួយសំអាតគ្នា

(កណ្ដាល)៖ រឿងហួសចិត្តម្ដងរួចមកហើយ កាលពីយប់ថ្ងៃឆ្លងឆ្នាំសកល ២០២៤-២០២៥គឺមាត់ទន្លេក្រុងតាខ្មៅមានសភាពងងឹត ដោយអាជ្ញាធរក្រុងពុំបានរៀបចំតុបតែងភ្លើងបំភ្លឺឲ្យភ្លឺដើម្បីប្រជាពលរដ្ឋអាចដើរលេងកំសាន្តតាមសួនច្បារនៃមាត់ទន្លេបាននោះទេ ប៉ុន្តែសំណាងបានអំពូលភ្លើងរបស់អ្នកលក់ដូរតាមដងផ្លូវដែលជះទៅជួយបំភ្លឺបានភ្លឺខ្លះៗ ទោះបីយ៉ាងណាក៏នៅតែមានសភាពងងឹតគួរឲ្យព្រួយបារម្ភដែរ។ ហើយឥឡូវនេះ បញ្ហាបរិស្ថាននិងសោភ័ណភាពនៅមាត់ទន្លេក្រុងតាខ្មៅដែលជាបេះដូងខេត្តកណ្ដាលគឺពោរពេញទៅដោយសំរាម ដែលមើលទៅគ្មានសុភ័ណភាពគួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍បន្តិចសោះឡើយ។ ប្រជាពលរដ្ឋ,ភ្ញៀវទេសចរណ៍បានចោទសួរថា បញ្ហាសំរាមនៅមាត់ទន្លេក្រុងតាខ្មៅវាជាការទទួលខុសត្រូវរបស់ខាងណា?

រដ្ឋបាលខេត្តកណ្ដាល? រដ្ឋបាលក្រុងតាខ្មៅ? រដ្ឋបាលសង្កាត់តាខ្មៅ? ឬមន្ទីរបរិស្ថាន? ព្រោះតែអ្នកទទួលខុសត្រូវច្រើនគ្នា,ច្រើនស្ថាប័ននេះហើយទើបធ្វើឲ្យមាត់ទន្លេក្រុងតាខ្មៅពោរពេញទៅដោយសំរាមហើយមិនមានការអភិវឌ្ឍអ្វីគួរឲ្យកត់សម្គាល់ និងមើលទៅ គ្មានសណ្ដាប់ធ្នាប់ គ្មានអនាម័យ គ្មានសោភ័ណ្ឌភាព និងគ្មានរបៀបរៀបរយនោះទេ បើទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តច្រើនរូបក៏ដោយ។

ប្រជាពលរដ្ឋក្រុងតាខ្មៅក៏ដូចជាខេត្តកណ្ដាលទាំងមូលមានចិត្តរីករាយនៅពេលទទួលដំណឹងថា លោក គួច ចំរើន បានមកកាន់តំណែងជាអភិបាលខេត្តកណ្ដាល ដោយក្តីរំពឹងថា លោកនឹងធ្វើ ឲ្យសួនច្បារមាត់ទន្លេក្រុងតាខ្មៅ មានការរីកចម្រើនប្រែមុខមាត់។ ប៉ុន្តែរយៈពេលមកកាន់តំណែងរបស់លោក គួច ចំរើន ប៉ុន្មានខែមកនេះ មិនមានការផ្លាស់ប្ដូរដូចការរំពឹងទុករបស់ប្រជាពលរដ្ឋនោះទេ។

ជាការពិតបញ្ហាសំរាម មិនឋិតនៅលើការទទួលខុសត្រូវរបស់បុគ្គលណាម្នាក់នោះក៏ពិតមែន។ ប៉ុន្តែនៅក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងតាខ្មៅ ក៏ដូចជាការទទួលខុសត្រូវរបស់មន្ទីរបរិស្ថានខេត្តកណ្ដាល បញ្ហាទាំងនេះ គួរតែត្រូវបានកែសម្រួលដើម្បីធ្វើឲ្យប្រសើរឡើងពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ជាពិសេសសោភ័ណភាព។ ផ្ទុយទៅវិញបើទោះបីជាក្រុងតាខ្មៅជាប់នឹងរាជធានីភ្នំពេញក៏ដោយក៏ប៉ុន្តែបញ្ហាសោភ័ណភាព,បញ្ហាបរិស្ថាន ដូចដែលបានឃើញនេះ មិនគួរកើតឡើងនោះឡើយ។ សំរាមនៅមាត់ទន្លេ ក៏ដូចជាការមិនយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋមួយចំនួន ធ្វើឲ្យបញ្ហានេះ បានប៉ះពាល់ដល់សោភ័ណភាពមាត់ទន្លេក្រុងតាខ្មៅយ៉ាងខ្លាំង។

ជុំវិញបញ្ហាសំរាមនេះ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅមិនបានប្រាប់អង្គភាព The Mirror News ឲ្យដឹងអំពីការទទួលខុសត្រូវរបស់ខាងណានោះ ដោយលោកបានប្រាប់ថា លោកជាប់ប្រជុំនៅសាលាខេត្ត ចាំពេលទំនេរ លោកនឹងខលទូរស័ព្ទមកវិញ។

ពាក់ព័ន្ធនឹងបញ្ហាសំរាមខាងលើនេះ លោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានបញ្ជាក់ឲ្យដឹងថា បញ្ហាសំរាមនេះ ទី១គឺដោយសារទឹកហូរមកពីលើពាំសំរាមមក ប្រជាពលរដ្ឋមកបន់ស្រន់នៅកន្លែងសាថៃជីដោយយកសាកីដូង សំបកដូង សាធម៌ដូងមកបោះចោលនៅទីនេះ និងទី២ ដោយសារប្រជាពលរដ្ឋមិនបានជួយសំអាតទេ គឺហូបហើយបោះចោលៗ។

លោកបន្តថាលោកទើបចាត់ក្រុមការងារឲ្យចុះសំអាតម្ដងរួចមកហើយកាលពីថ្ងៃទី១៤ ខែ១២ ឆ្នាំ២០២៤ មិនទាន់ដល់១ខែផង សំរាមឡើងគរទៀតហើយ។ លោកបន្តទៀត ថា កន្លងមកក៏មានការចូលរួមពីអង្គការបរិស្ថានផ្សេងៗ និងសិស្សសាលាផងដែរ។ ហើយទោះបីជាយ៉ាងណាលោកនឹងចាត់ឲ្យក្រុមការងារចុះសំអាតទៀត។

លោកអភិបាលក្រុងតាខ្មៅបានបន្ថែមឲ្យដឹងថា ខាងសង្កាត់បានយកបង្គន់មកដាក់ដោយគ្មានរបៀបរៀបរយនោះទេ ហើយអ្នកប្រើប្រាស់បន្ទប់ទឹកនិងបង្គន់គឺរញ៉េរញ៉ៃណាស់។លោកបន្តថា លោកបានកំពុងស្នើសុំទៅខាងខេត្តដើម្បីជួសជុលរៀបចំឲ្យបានស្អាតផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកមានទម្លាប់បោះចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ សូមមេត្តាបញ្ឈប់ការបោះចោលសំរាមជាបន្តទៀត ដើម្បីបរិស្ថានក្រុងតាខ្មៅស្អាតផង និងម្យ៉ាងទៀត ចង់បញ្ជាក់ថា អ្នកបោសសំអាតមានគ្នាតិចណាស់ បើប្រៀបធៀបនឹងចំនួនអ្នកបោះចោលសំរាម ដូចនេះ រើសមិនទាន់អ្នកបោះទេ ។

ទាក់ទិននឹងបរិស្ថាននេះ លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលក៏មិនបានឲ្យដឹងអ្វីនោះដែរ ដោយបាននិយាយយ៉ាងខ្លីថា ជាប់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទទៅ។

លោក ឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលបានឲ្យ The Mirror News ដឹងថា លោកទទួលបាន លោកបានឲ្យរដ្ឋបាលក្រុងតាខ្មៅពិនិត្យករណីនេះភ្លាម។ បើតាមឲ្យដឹងបឋមរដ្ឋបាលក្រុងតែងតែសម្អាត ប៉ុន្តែដោយខែនេះជាខែត្រជាក់ ដូចនេះ ក៏មានខ្យល់បក់បោកសំរាម។ 

អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាល លោក ឌឹម បូរ៉ា បានឲ្យដឹងទៀតថា សំរាមនៅទីនេះមានច្រើនដោយសារសំរាមភាគច្រើនគឺហូរជាប្រចាំតាមទឹកមកតាមស្ទឹងព្រែកត្នោត និងទន្លេបាសាក់ និងមកទើនៅចំណុចនេះ។ សំរាមមួយចំនួនទៀតគឺកើតឡើងដោយសារអ្នកមកអុចធូបសែននៅវិហាររួចតែងតែបោះចោលសំណែន (ស្លាធម៌ដូង) ក្នុងទឹកនៅមុខវិហារនោះតែម្តង។ កន្លងមករដ្ឋបាលក្រុងតាខ្មៅ បានណែនាំដល់រដ្ឋបាលសង្កាត់តាខ្មៅឱ្យមានការសំអាតនៅចំណុចនេះជាប្រចាំផងដែរ។ កន្លងមក រដ្ឋបាលក្រុងដោយមានការគាំទ្រ និងសហការមន្ទីរបរិស្ថានខេត្ត អង្គការសំអាតទន្លេសមុទ្រ សាលារៀន បានសំអាតនៅទីតាំងនោះបានស្អាតរួចរាល់ផងដែរ ក្នុងខែធ្នូ ឆ្នាំ២០២៤។ ជាបន្តនេះ រដ្ឋបាលក្រុងកំពុងរៀបចំដាក់ស្លាកអប់រំ ហាមចោលសំរាម ចាត់តាំងក្រុមពិន័យអ្នកបោះសំរាម នៅទីនេះ និងរៀបចំជាកម្លាំងប្រចាំមួយក្រុមចូលសំអាតឱ្យបានស្អាត និងទៀងទាត់

អត្ថបទដែលជាប់ទាក់ទង