ព្រែកមួយចំនួនក្នុងស្រុកល្វាឯមកំពុងប្រឈមនឹងការបាត់រូបរាងតាមរយៈការសង់លំនៅដ្ឋាន ជាពិសេសព្រែកតាព្រំ ស្ថិតនៅក្នុងឃុំកោះរះតែម្ដង

(កណ្ដាល)៖ បន្ទាប់ពីមានការចុះផ្សាយអំពីបញ្ហានៃការរំលោភបំពានទៅលើទន្លេ,ព្រែកមួយចំនួនក្នុងស្រុកល្វាឯម ខេត្តកណ្ដាលរួចមកក៏លេចមានសេចក្តីរាយការណ៍បន្ថែមឲ្យដឹងថា ព្រែកមួយចំនួនផ្សេងទៀតកំពុងប្រឈម នឹងការបាត់រូបរាងនៅពេលអនាគតឆាប់ៗ ដោយសារការសង់លំនៅឋានរបស់ប្រជាពលរដ្ឋនិងភាពព្រងើយកន្តើយរបស់អាជ្ញាធរ តាមរយៈការឃុបឃិត ឬធ្វើមិនដឹងមិនឮ។ ជាក់ស្ដែងព្រែកមួយកន្លែងឋិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម កំពុងប្រឈមនឹងការបាត់រូបរាងផងដែរ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់ឲ្យ The Mirror News ថា  ព្រែកតាព្រំ ស្ថិតនៅក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានគេកំពុងសង់លំនៅឋានចាក់បេតុងរឹងមាំចូលទៅពាក់កណ្ដាលព្រែក។ សកម្មភាពបែបនេះ ត្រូវប្រជាពលរដ្ឋនៅតំបន់ក្បែរខាងនោះមើលឃើញថា វាជាហានិភ័យសម្រាប់អនាគតនៃព្រែកមួយនេះក៏ប៉ុន្តែមិនឃើញមានអាជ្ញាធរមូលដ្ឋានចុះទៅហាមឃាត់ចំពោះសកម្មភាពល្មើសច្បាប់នេះទេ។ ភាពព្រងើយកន្តើយនៅក្នុងការមិនអនុវត្តច្បាប់ឲ្យបានពេញលេញនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះសង្ស័យថា អាជ្ញាធរមានពាក់ព័ន្ធជាមួយម្ចាស់សំណងខុសច្បាប់ទាំងនេះ?។

បើតាមប្រជាពលរដ្ឋនៅស្រុកល្វាឯមនិយាយថា មានសំណង់រឹងមាំជាច្រើនកំពុងសាងសង់រំលោភទៅលើចំណែកនៃព្រែកឬទន្លេមេគង្គជាដើម។ កាលពីសប្តាហ៍មុនបន្ទាប់ពីមានការផ្សព្វផ្សាយ អំពីសំណង់ខុសច្បាប់សង់លើព្រែកតាលន ស្ថិតនៅក្នុងឃុំបឹងគ្រុំនោះមក គេឃើញអាជ្ញាធរស្រុកល្វាឯមចុះទៅបញ្ឈប់សកម្មភាពការសាងសង់ផ្ទះអេតចាយនិងតម្រូវឲ្យម្ចាស់ផ្ទះរៀបចំសំណង់ឡើងវិញ។ អ្នកភូមិនិយាយថា នេះដោយសារអ្នកកាសែតចុះផ្សាយប៉ុន្តែនៅមានទីតាំងជាច្រើនទៀត ដែលមានការរំលោភបំពានដូច្នេះមិនទាន់ឃើញមានការចុះរៀបចំនៅឡើយ។ តើរង់ចាំអ្នកកាសែតផ្សព្វផ្សាយទើបអាជ្ញាធរចុះរៀបចំឬយ៉ាងដូចម្ដេច?

នៅឃុំកោះរះឯណេះវិញប្រជាពលរដ្ឋនិយាយថា ករណីសំណង់ខុសច្បាប់រំលោភបំពានលើប្រឡាយ ឬលើទន្លេមានច្រើនកន្លែង ប៉ុន្តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឃុំ-ស្រុកចុះទៅបញ្ឈប់សកម្មភាពនោះឡើយ។ ពលរដ្ឋកត់សម្គាល់ថា មួយរយៈកន្លងមកស្រុកល្វាឯមមានការអភិវឌ្ឍន៍ខ្លាំងដោយការដឹកនាំរបស់លោក កន សុខកាយ។ បន្ទាប់ពីការចាកចេញរបស់លោក ដំណើរ ការអភិវឌ្ឍន៍មួយចំនួន ហាក់ដូចជាលែងទៅមុខ។ អ្នកភូមិមិនដឹងអំពីមូលហេតុដែលនាំឲ្យបញ្ហាអភិវឌ្ឍន៍មិនអាចទៅមុខឬនៅហ្នឹងមួយកន្លែងនោះដោយសារអ្វីទេ។ ប៉ុន្តែអ្នកភូមិទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននៃស្រុកល្វាឯមមានការលេចធ្លោនៅគ្រាកន្លងមក ដោយសារការដឹកនាំរបស់លោក កន  សុខកាយ។

ពាក់ព័ន្ធករណីការសាងសង់សំណង់រំលោភយកដីព្រែក និងដីចំណីទន្លេ ជាពិសេសការសង់ខ្សុះ ចាក់បេតុង និងធ្វើរបងរឹងមាំរំលោភយកដីមាត់ទន្លេមេគង្គស្ថិតនៅក្នុងឃុំទឹកឃ្លាំង លោកចៅហ្វាយស្រុកល្វាឯម លីវ វណ្ណថេង ក៏បានឆ្លើយតបថា «ខ្សុសនេះសាងសង់យូរហើយ តាំងពីមុនខ្ញុំទៅធ្វើជាអភិបាលស្រុក តើខ្ញុំគួរចុះទៅវាយកំទេចចោលរឺយ៉ាងណា?សូមសួរបងៗអ្នកសារព័ត៌មាន តើការចាក់បេតុងទប់ច្រាំងកុំអោយបាក់ដីខុសដែររឺ?»។

មជ្ឍដ្ឋានថា ការឆ្លើយរបស់លោក លីវ វណ្ណថេង បែបនេះ ព្រោះអាចថា កាលពីលោកនៅជាចៅសង្កាត់ព្រែកថ្មី នៃរដ្ឋបាលខណ្ឌច្បារអំពៅ  ផ្ទះរបស់លោកក៏បានសាងសង់រំលោភយកដីចំណីទន្លេបាសាកដែលផ្ទុយពីអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងអាងទន្លេ ដែលការកាន់កាប់ដីដែលជាប់តំបន់ច្រាំងត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងថា ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។

ក្រៅពីបញ្ហាដែលកំពុងកើតឡើង នៃការរំលោភបំពានលើវិស័យសំណង់មិនស្របច្បាប់នេះ ក៏នៅមានបញ្ហាជាច្រើនទៀតដែលអ្នកភូមិសំដែងការបារម្ភ ពាក់ព័ន្ធទៅនឹងបញ្ហាសណ្ដាប់ធ្នាប់។ អ្នកភូមិប្រាប់ថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ក៏កំពុងកើតជាក្តីព្រួយបារម្ភចំពោះអ្នកភូមិផងដែរដោយសារមួយរយៈចុងក្រោយនេះគេសង្កេត ឃើញមានបញ្ហាល្បែងស៊ីសង បញ្ហាគ្រឿងញៀនបានបណ្ដាលឲ្យមានចោរកម្មកើតច្រើនកន្លែង៕

អត្ថបទដែលជាប់ទាក់ទង