ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលស្នើឱ្យអង្គប្រជុំត្រូវបង្កើនការយកចិត្តទុកដាក់ដោះស្រាយឱ្យបានល្អិតល្អន់ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់

(កណ្តាល)៖ លោក នូ សាខន បានស្នើឱ្យអង្គប្រជុំទាំងមូលត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យពិភាក្សាអនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗនៃផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ឱ្យឆ្លើយតបបានទៅនឹងតម្រូវជាក់ស្តែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ទៅតាមផ្នែកនីមួយៗដូចជា៖ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។

ការស្នើរបស់លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨  អាណត្តិទី៤ ដើម្បីពិនិត្យពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន១០ ដោយមានការចូលរួមផងដែរពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំនេះ  លោក គួច ចំរើន ក៏បានឯកភាពទៅលើចំណុចកែលម្អសំខាន់ៗ ដែលសមាជិក សមាជិកាបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗនៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ព្រមទាំងបានជំរុញដល់ មន្ទីរជំនាញអង្គភាពពាក់ព័ន្ធធ្វើការកែតម្រូវទៅតាមការផ្ដល់ជាមតិយោបល់របស់ក្រុមប្រឹក្សាខេត្តឱ្យបានល្អប្រសើរ។លោកបានជំរុញដល់មន្ទីរផែនការខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំសហការគ្នា ដើម្បីជួយពន្លឿនដល់ការងារការរៀបចំផែនការអភិវឌ្ឍន៏រយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ឱ្យបានរួចរាល់ ឆាប់រហ័សតាមការកំណត់ ដើម្បីធ្វើជាគំរូទៅដល់រដ្ឋបាល ក្រុង-ស្រុកទាំង១៣ ពីព្រោះរដ្ឋបាលក្រុង-ស្រុកក៏ត្រូវធ្វើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខ្លួនផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា បើទោះបីជានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះមិនទាន់អនុម័តចុងក្រោយទៅលើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តក៏ពិតមែន តែក៏បានផ្ដល់នូវធាតុចូល និងការកែលម្អមួយចំនួនបានយ៉ាងល្អប្រសើរ សម្រាប់បំពេញបន្ថែមទៅក្នុងសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗ នៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដូច្នេះយើងនៅសល់ពេលវេលាដើម្បីធ្វើការកែសម្រួលបន្ថែមទៀត សម្រាប់ទុកដាក់ឆ្លងក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការអនុម័តជាលើកចុងក្រោយ។

ទន្ទឹមនោះ លោក នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម នូ សាខន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំនាថ្ងៃនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង