Breaking News: ចារកម្មរុស្សីចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី បញ្ជូនតាមយន្តហោះត្រឡប់មកកម្ពុជាវិញ
(ភ្នំពេញ)៖ អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។
ជុំវិញបញ្ហានេះ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ លោក យី សុខវួច បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជា ក៏បានស្នើសុំ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬ និវេតក្រហម ដើម្បីតាមចាប់ខ្លួន ផងដែរ៕