ថៅកែហាងហ្គ្រីនលក់បាយគុយទាវបានចាក់បេតុងរំលោភយកដីប្រឡាយព្រៃដំរីស្ទើរទាំងស្រុង នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់
(តាកែវ)៖ ប្រជាពលរដ្ឋនៅឃុំអង្គតាសោមបានរាយការណ៍ឲ្យដឹងថា ប្រឡាយព្រៃដំរីស្ថិតនៅភូមិព្រៃដំរី ភ្ជាប់ជាមួយភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវត្រូវបានអ្នកមានលុយចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិឯកជនជិតអស់ហើយ។ រីឯអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ជាពិសេសសមត្ថកិច្ចជំនាញស្រុកត្រាំកក់មិនចាត់វិធានការឬធ្វើមិនដឹង មិនឮចំពោះបញ្ហាខាងលើនេះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរស្រុកត្រាំកក់ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យគួរឲ្យកត់សំគាល់។
ប្រភពបានរាយការណ៍បន្ថែមថា ថៅកែហាងហ្គ្រីនលក់បាយគុយទាវបានចាក់ដីនិងបានចាក់បេតុងរឹងមាំដោយរំលោភយកចំណីដីប្រឡាយព្រៃដំរីស្ទើរអស់ទាំងស្រុងទៅហើយ នៅចំណុចប្រឡាយព្រៃដំរី ស្ថិតនៅក្នុងភូមិព្រៃដំរី ភ្ជាប់ជាភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្រជាពលរដ្ឋនៅជិតនោះកត់សម្គាល់ឃើញថា តាំងពីថៅកែស្ថានីយប្រេងនិងហាងបាយហ្គ្រីនចាក់ដីរំលោភយកប្រឡាយព្រៃដំរីនោះមក គេមិនដែលឃើញអាជ្ញាធរមូលដ្ឋាន ជាពិសេសស្ថាប័នជំនាញខាងភូមិបាលស្រុកត្រាំកក់ មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តតាកែវ និងស្ថាបនពាក់ព័ន្ធចុះទៅពិនិត្យមើលម្ដងណាឡើយ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដំណើរការចាក់ដីលុបប្រឡាយព្រៃដំរីនេះ គឺធ្វើឡើងជាចំហដោយមិនមានការលាក់បាំងអ្វីទេ។ ការធ្វើយ៉ាងនេះគឺជាការរំលោភបំពានច្បាប់ទាំងស្រុង។ នេះគឺទំនងជាអាងអំណាចនិងឥទ្ធិពលទឹកលុយរបស់ខ្លួនដែលជាម្ចាស់ហាងហ្គ្រីនលក់បាយ-គុយទាវនិងជាម្ចាស់ស្ថានីយ៍ប្រេងនោះហើយទើប បានជាហ៊ានប្រព្រឹត្តយ៉ាងដូច្នេះ។ រីឯអ្នកភូមិនៅជិតនោះខ្សឹបថា បើមិនមានការឃុបឃិតពីស្ថាប័នជំនាញនិងអាជ្ញាធរនៅទីនោះទេ គឺមិនអាចធ្វើបានឡើយ។
ពលរដ្ឋដែលឃើញទិដ្ឋភាព នៃការចាក់ដីលុបប្រឡាយបានចំអកឡកឡើយថា ឲ្យគេចាក់លុបប្រឡាយនោះគឺត្រឹមត្រូវហើយ ដើម្បីងាយស្រួលឲ្យរថយន្តអតិថិជនចូលទទួលទានអាហារនៅហាងបាយ-គុយទាវនេះ ក៏ដូចជាចូលចាក់សាំងងាយស្រួលក្នុងការឈប់ចត។ ជាងនេះទៅទៀតគឺដើម្បីបង្កលក្ខណៈ ឲ្យរថយន្តរបស់អាជ្ញាធរស្រុកត្រាំកក់ ដែលហែហមគ្នាចុះទៅទទួលទានអាហារនៅហាងបាយ-គុយទាវហ្គ្រីននៅទីតាំងខាងលើងាយស្រួលចតពីព្រោះបានដីទូលាយល្អ។ និយាយឲ្យខ្លី វាជាភាពសមរម្យត្រឹមត្រូវនិងជាការគិតវែងឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរស្រុកត្រាំកក់នោះឯង។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅស្រុកត្រាំកក់ភាគច្រើន ទទូចស្នើឲ្យលោក វ៉ី សំណាង អភិបាលខេត្តតាកែវចាត់មន្ត្រីជំនាញចុះពិនិត្យមើលដើម្បីឆាប់ផ្ដល់ភាពស្រប ច្បាប់ដល់ម្ចាស់ទីតាំងខាងលើ ដែលខំចំណាយទ្រព្យធនចាក់ដីលុបប្រឡាយសាធារណៈរបស់រដ្ឋនោះ ឲ្យបានត្រឹមត្រូវផងចុះ។ ប្រជាពលរដ្ឋនៅតំបន់នោះមិនដឹងថាតើអភិបាលស្រុកត្រាំកក់លោក កេត ម៉ៅ បានដឹងអំពីអ្វីដែលកំពុងកើតឡើង នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនដែរឬយ៉ាងណាទេ? កុំឆ្លើយថា មិនដឹងពីព្រោះបើតាមប្រជាពលរដ្ឋនៅតំបន់នោះខ្សឹបថា មន្ត្រីរដ្ឋបាលស្រុកត្រាំកក់ចេញ-ចូលហាងគុយទាវ-បាយហ្គ្រីននោះញឹកញាប់ណាស់៕