ក្រុមប៉ូលិសចរាចរណ៍ខេត្តកណ្ដាល៧រូប ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ និងអប់រំធ្វើកិច្ចសន្យានិងដាក់ឲ្យអនុវត្តវិន័យរយៈពេល៣ខែ នៅការិយាល័យបុគ្គលិក

(កណ្ដាល)៖ បន្ទាប់ពីមានការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅរសៀលម៉ោង១៤៖០០នាទីថ្ងៃខែដដែល ក្រុមការងារថ្នាក់ស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវបឋម។

បើតាមសេចក្តីបំភ្លឺព័ត៌មានថា លុះព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចំនួន០៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើងខាងលើនេះ។

ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្រ្តីនគរបាលចរាចរណ៍ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន០៤នាក់ និងអប់រំ ធ្វើកិច្ចសន្យាចំនួន០៣នាក់ ហើយដាក់ឲ្យអនុវត្តវិន័យរយៈពេល ០៣ខែ នៅការិយាល័យបុគ្គលិក៕

 

អត្ថបទដែលជាប់ទាក់ទង