រណ្ដៅដីនៅភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង មានជំរៅជ្រៅ ទំហំធំរាប់ហិកតា និងចោទខ្លាំងសម្បើងកំពុងបង្កការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរដល់សត្វពាហនៈនិងប្រជាជន(មានVideo)

កណ្តាល៖ ពលរដ្ឋនៅភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានប្រាប់ពីក្ដីបារម្ភយ៉ាងខ្លាំងចំពោះការធ្វើអាជីវកម្មជីកយកអាចម៍ដីទៅលក់ជារៀងរាល់ថ្ងៃរបស់ក្រុមឈ្មួញដោយបានបន្សល់ទុករណ្ដៅដីដែលមានជម្រៅយ៉ាងជ្រៅ ចោទ និងធំសម្បើមណាស់ ដែលមើលទៅគួរឲ្យភ័យខ្លាច ព្រឺព្រួច និងងាយរងគ្រោះថ្នាក់ជាទីបំផុត។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពបន្តថា រណ្ដៅដីខាងលើ មិនមានព័ទ្ធរបងឲ្យបានត្រឹមត្រូវនោះទេ ចុះបើមានករណីសត្វពាហនៈធ្លាក់ចូលប្រាកដជាងាប់ ជាពិសេសបើប្រជាពលរដ្ឋដែលមានដីក្បែរៗរណ្ដៅដីនោះ ភ្លាត់ស្នៀតរអិលជើងធ្លាក់ចូល បើមិនស្លាប់បាត់បង់ជីវិត ក៏បាក់ដៃបាក់ជើងធ្លាក់ខ្លួនពិការមួយជីវិតដែរ ព្រោះថារណ្ដៅនោះធំ ជ្រៅ និងចោទខ្លាំងណាស់ បើយើងមើលពីលើទៅគឺថាប្រហោងពោះ ប៉ុនចង្អេរ អារម្មណ៍ភិតភ័យ ព្រឺសម្បុរ ព្រឺឆ្អឹងខ្នងតែម្ដង។

ប្រភពបានឲ្យដឹងដែរថា មានពលរដ្ឋជាច្រើនគ្រួសារបានកំពុងតែក្តៅក្រហាយយ៉ាងខ្លាំងពាក់ព័ន្ធនឹងក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដោយមួយថ្ងៃៗបើកដឹកជញ្ជូនដង្ហែរគ្នាដូចបុណ្យកឋិន បើកបរលឿនៗ ស៊ីប្លេលឺៗ អត់គ្រប់ឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឱ្យជ្រុះអាចម៍ដីរប៉ាតរប៉ាយ ធ្វើឲ្យផ្លូវឆាប់ខូច ងាយបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងអាចបណ្ដាលឲ្យប៉ះពាល់និងខូចសុខភាពសាធារណៈទៀតផង។

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងបន្ថែមទៀតថា កន្លងមក កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានករណីតៃកុងឡាន អាអិច បានបើកកិនបុរសម្នាក់ស្លាប់ក្រោមរថយន្ត ក្នុងរណ្តៅដីក្រុមហ៊ុនមួយកន្លែងនៅក្នុងភូមិរោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលសាកសពជនរងគ្រោះឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ ៣៤ឆ្នាំ បើករថយន្តម៉ាក SCANIA ប្រភេទបែន ពណ៌សខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-1698 ។ បើករថយន្តមកយកអាចម៍ដី នៅក្នុងរណ្ដៅដី។

ប្រភពផ្សេងទៀតក៏ធ្លាប់បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អាជីវកម្ម​អាចម៍ដីនៅ​តំបន់​បឹង​ទ្រា ភូមិ​ទ្រា ភូមិ​ត្រស់ និង​ភូមិ​មាត់បឹង ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ក្រុម​ឈ្មួញជីករណ្តៅ​ដីយ៉ាងជ្រៅ និង​បាន​បង្ក​ហានិភ័យ​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋដែល​រស់នៅតំបន់​នោះ ដោយ​កាលពីដើមឆ្នាំ​២០២១ បាន​បណ្តាល​ឲ្យ​ក្មេងប្រុស២នាក់ ស្លាប់ ដែល​មកដល់ពេលនេះ មិនទាន់​ទទួលបាន ដំណោះស្រាយ​នៅឡើយ​។​

​ប្រភព​ច្បាស់​ការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង​១៥និង១៥នាទី​ ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ ខែ​មេសា​ ឆ្នាំ២០២៣ក៏មានករណីមនុស្សលង់ទឹកស្លាប់ចំណុចរណ្ដៅដីស្ពានតែអ៊ែ​ ស្ថិត​នៅ​ក្នុងភូមិ​ ដេីមត្រាំង ឃុំអន្លុង់រមៀត ស្រុកកណ្តាលស្ទឹងផងដែរ ដែលសពឈ្មោះ ទ្រី​ ហាក់សែ​ ភេទប្រុស​ អាយុ​១៤ឆ្នាំ​ មុខរបរ​សិស្ស​។

ប្រភពព័ត៌មានមួយផ្សេងទៀតបានខ្សឹបឲ្យដឹងច្បាស់ថា អាជីវកម្ម​អាចម៍ដី កាយ​ដល់​ក្បាល​ប្រែ​ត​នៅភូមិរោងគោ ឃុំទ្រាខាងលើនេះ គឺ​ស្ថិត​ក្រោមរូបភាព ស្របច្បាប់ ដែល​អាជ្ញា​បណ្ណ​អនុញ្ញាត ពី​ក្រសួង​រ៉ែ និង​ថាមពល និង​រូប​ភាពមិន​ស្របច្បាប់​ផង ដែល​ភាគច្រើន ត្រូវបាន​កាង​ពីក្រោយដោយលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល និងលោកចៅហ្វាយស្រុក​កណ្តាលស្ទឹងរួមទាំងបក្ខពួក​របស់ខ្លួន៕ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង