លោក ម៉ឹង យូឡេង ត្រូវបានផ្ទេរទៅកាន់ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុគឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិ

(ព្រះសីហនុ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សេចក្ដីទុកចិត្តធ្វើការសម្រួលភារកិច្ច លោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលត្រូវបានផ្ទេរទៅកាន់មន្ទីរខេត្តព្រះសីហនុ និងលោក បូរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលវិញ។

លោក ម៉ាង ស៊ីណេត ក្នុងនាមក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមស្វាគមន៍ និងអបអរលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី ក្នុងការចូលរួមការអនុវត្តការងារជូនខេត្ត និងចូលរួមការអភិវឌ្ឍឱ្យបានរីកចម្រើននូវសមិទ្ធផលថ្មីៗជាច្រើនទៀត។ ខេត្តព្រះសីហនុ សូមគាំទ្រ និងលើកទឹកចិត្តលោកឱ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងារដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តព្រះសីហនុ ប្រកបដោយភាពរលូន និងសម្រេចបានជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានចូលរួមអបអរសាទរចំពោះលោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាពេលនេះ និងបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក បូរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលត្រូវបានផ្ទេរទៅកាន់មន្ទីរខេត្តកណ្តាលវិញ ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន និង សម្រេចសមិទ្ធផលជាច្រើនជូនខេត្ត លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពរីកចម្រើនគួរជាទីមោទនៈ ទាំងទៅលើការពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការធានាការផ្តល់សេវាសាធារណៈជូនសាធារណជន និងការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច។

គួរបញ្ជាក់ថា ការសម្រេចធ្វើការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ ទាំងទៅលើការងារគ្រប់គ្រងទូទៅ ការងារសាងសង់ គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង