លោក កន សុខកាយ៖ រូបភាពផ្លូវដែលប្រជាពលរដ្ឋផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានជារូបភាពស្ថានភាពផ្លូវចាស់ពីមុន ប៉ុន្តែបច្ចុប្បន្នលោកសម្រួលបានស្អាតហើយ
កណ្តាល៖ បន្ទាប់ពីមានប្រជាពលរដ្ឋបានផ្ញើសារជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឲ្យជួយផ្សព្វផ្សាយដែលមានខ្លឹមសារថា ជម្រាបសួរលោកអ៊ុំ ខ្ញុំជាអ្នកស្រុកល្វាឯមម្នាក់ ខ្ញុំឆ្ងល់ណាស់ហេតុអ្វីផ្លូវ១ខ្សែ ប្រវែងប្រហែល៣គីឡូម៉ែត្រ នៅស្រុកល្វាឯមនឹងពិបាកម្លេះ តាំងពីខ្ញុំកើតមក តែពុំមានការដោះស្រាយណាមួយអាចយកជាការបានសោះរហូតដល់ឥលូវ ដែលផ្លូវនោះមានឈ្មោះថា ផ្លូវសំពោង ស្ថិតនៅឃុំទឹកឃ្លាំង ភ្ជាប់ទៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។
ជុំវិញព័ត៌មានខាងលើនេះ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានប្រាប់បណ្ដាញសារព័ត៌មាន The Mirror News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះថា ចំពោះរូបភាពផ្លូវដែលបងប្អូនប្រជាពលរដ្ឋបានផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជារូបភាពស្ថានភាពផ្លូវចាស់ពីមុនគឺដោយសាររងផលប៉ះពាល់បែបនោះមែន ប៉ុន្តែបច្ចុប្បន្នលោកបានចុះសម្របសម្រួលជាមួយក្រុមហ៊ុនសាងសង់ឲ្យជួយសម្រួលបានស្អាតល្អប្រសើរឡើងវិញហើយ មិនមានករណីអញ្ចឹងទៀតនោះទេ។
លោក កន សុខកាយ បានគូសបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ជ្រុំខ្លាំងពេក ហើយផ្លូវខាងលើនោះ ត្រូវការលើកកម្ពស់ថ្មី មានកម្ពស់រហូតដល់១.៨ម៉ែត្រ និងត្រូវចាក់ដីសប្រវែងប្រមាណជាជិត២គីឡូម៉ែត្រ ព្រោះផ្លូវខាងលើអត់គ្រប់កូដទឹកជំនន់។
បើតាមឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់បណ្ដាញសារព័ត៌មាន The Mirror News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា នេះថា កំណាត់ផ្លូវនេះ ជាគម្រោងឆ្នាំ២០២៣ ដែលមានប្រវែង៣០១០ម ទទឹង ៧ម ដោយធ្វេីការពង្រីកផ្លូវ លេីកកំពស់ផ្លូវ និង ចាក់កៅស៊ូDBST។
ឯកឧត្តម ប៉ាល់ ចន្ទតារា បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នគម្រោងកំពុងដំណេីរការសាងសង់។ មួយរយះកន្លងទៅដោយសារភ្លៀងធ្លាក់ជោគជាំជារៀងរាល់ថ្ងៃ ចំពេលដែលកំពុងចាក់ដីលេីកកំពស់តួផ្លូវ បានធ្វេីឲ្យបែកភក់ បង្កឲ្យមានការពិបាកធ្វេីដំណេីរ។ ប៉ុន្តឥឡូវក្រុមអ្នកសាងសង់បានកៀរកិនសម្រួលចរាចរណ៍បានល្អឡេីងវិញ ធ្វេីដំណេីរជាធម្មតាហើយ៕