Breaking News: ចាប់ខ្លួនម្ចាស់គ្លីនិកព្យាបាលជំងឺ «ប៉ខាង» យកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិកខ្លួនរុំកន្ទេលយកទៅបោះចោលនៅស្រុកកណ្ដាលស្ទឹង
កណ្តាល៖ ជនសង្ស័យពីរនាក់ប្ដីប្រពន្ធជាជនជាតិចិនម្ចាស់គ្លីនិកព្យាបាលជំងឺ «ប៉ខាង» ដែលបានយកសពអ្នកជំងឺជនជាតិកូរ៉េដែលបានស្លាប់ក្នុងគ្លីនិករបស់ខ្លួនរុំកន្ទេល រួចយកទៅបោះចោលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបាន។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីប្រទះឃើញសាកសពមនុស្សស្រីរុំកន្ទេល ផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថិកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ បង្ក្រាបបានហើយ។
គួរជម្រាបជូនថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិងស្នងការដ្ឋាននគររាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលជាម្ចាស់គ្លីនិកពិគ្រោះជំងឺ «ប៉ខាង» ដូចខាងក្រោម៖
*ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី។
*ទី២៖ ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ ៣៩ឆ្នាំ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើឲ្យជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។ ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕