ល្បិចខ្ពស់មែន, ធ្វើជាទៅសួរសុខទុក្ខអ្នកជំងឺ បានឱកាសខ្ចីម៉ូតូម្ចាស់ផ្ទះទៅទិញផ្លែឈើ ទៅហើយ លែងវិលវិញ នៅខេត្តតាកែវ

តាកែវ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានគេសង្ស័យថា ទំនងជាចោរ ខណៈធ្វើជាទៅសួរសុខទុក្ខអ្នកស្គាល់គ្នា ដោយបានខ្ចីម៉ូតូរបស់ក្មួយរបស់គេថាជិះទៅទិញផ្លែឈើមួយភ្លែតកាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ស្រាប់តែទៅបាត់ស្រមោលតែម្ដង។ បើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅរសៀលថ្ងៃទី១១ ខែមិថុនានេះ។

បើតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Kim Chheang បានរៀបរាប់យ៉ាងដូច្នេនេះថា ខ្ញុំបាទឈ្មោះ លន គឹមឈាង ភេទប្រុស ត្រូវបានពូម្នាក់ដូចរូបខាងក្រោមបានមកលេងផ្ទះ និងសួរសុខទុក្ខអ៊ុំ ស្ថិតនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ហើយបានខ្ចីម៉ូតូរបស់ខ្ញុំទៅ ដែលមានស្លាកលេខ និងរូបដូចខាងក្រោម តាំងតែពីម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ ប្រភពបន្តថា បើបងប្អូនបានឃញម៉ូតូដែលមានស្លាកលេខ និងភិនភាគដូចខាងក្រោម សូមជួយផ្តល់ព័ត៌មានតាមលេខទូរស័ព្ទ ០៩៦ ៩៨០ ២០០៧ និង០៩៨ ៦៣០ ០៦៤។

បើតាមប្រភពព័ត៌មានពីលោក លន គឹមឈាង ម្ចាស់ម៉ូតូបានឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅល្ងាចនេះថា ម៉ូតូដែលបុរសវ័យចំណាស់ខាងលើបានខ្ចីយកទៅបាត់ស្រមោលតាំងពីព្រឹក ម៉ាក Honda Dream សេរី២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ 1G-5139។

លោកបន្តថា បុរសវ័យចំណាស់ខាងលើនោះ ត្រូវបានគេស្គាល់និងហៅថា តាកេវ ដែលមានស្រុកកំណើតនៅខេត្តតាកែវ និងក្រោយមកមានគ្រួសារនៅឯភ្នំពេញដែលកាលពីព្រឹកមិញបានមកផ្ទះរបស់លោកនិងធ្វើជាសួរសុខទុក្ខអ៊ំប្រុសអ៊ំស្រីរបស់លោកដោយទទួលបានដំណឹងថាអ៊ំប្រុសអ៊ំស្រីឈឺ។ ក្រោយមកបុរសវ័យចំណាស់ខាងលើក៏បានសុំខ្ចីម៉ូតូរបស់គាត់ថាទៅទិញផ្លែឈើជូនអ៊ំប្រុសអ៊ំស្រីមួយភ្លែត ក៏ស្រាប់តែបាត់យូរទៅៗ គាត់ក៏បានរកលេខទូរស័ព្ទខលទៅទំនាក់ទំនងសួរអ្នកធ្លាប់ស្គាល់បុរសវ័យចំណាស់ខាងលើ គេក៏បានឆ្លើយប្រាប់ថា អត់កើតទេ ដើរតែខ្ចីលុយគេអត់សង ធ្វើបាបតែបងប្អូនឯង និងខ្ចីរបស់គេអត់ទទួលខុសត្រូវ។ ក្រោយមកទើបលោកទៅកាន់អធិការដ្ឋានក្រុងដូនកែវដើម្បីដាក់ពាក្យបណ្តឹងនិងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។

លោក លន គឹមឈាង បានអះអាងថា បើខ្ចីគេហើយ អត់យកមកឲ្យគេ រំលោភលើទំនុកចិត្តរបស់គេអញ្ចឹង គឺជាចោរហើយ៕

អត្ថបទដែលជាប់ទាក់ទង